ខេត្តពោធិ៍សាត់៖ លោក ម៉ៅ សុីណា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ដោយមានលោក ហុង ឌីណា ក្រឡាបញ្ជី បានដឹកនាំមន្រ្តីនគរបាលយុត្តិធម៌រួមមាន មន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រគរ កម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកក្រគរ ចុះត្រួតពិនិត្យឆែកឆេដេប៉ូ លក់ដែកគ្រប់ប្រភេទ ទទួលធ្វើទ្វារ បង្អួច អំពីឈើ ដែលស្លាកយីហោ(ដេប៉ូ ម៉ៅ សុខា) ក្នុងនោះកម្លាំងត្រួតពិនិត្យឃើញមានម៉ាសុីនតាប,ម៉ាសុីនរណាវាល,ឈើអារប្រភេទលេខ ១ និងលេខ ២ច្រើនម៉ែត្រត្រីគុណ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង០០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចដេប៉ូលក់ដែកគ្រប់ប្រភេទ ទទួលធ្វើទ្វារ បង្អួច អំពីឈើ ដែលមានស្លាកយីហោ(ដេប៉ូ ម៉ៅ សុខា) ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានបង្ហើបថា ការចុះត្រួតពិនិត្យឆែកឆេ(ដេប៉ូ ម៉ៅ សុខា) លក់ដែកគ្រប់ប្រភេទ ទទួលធ្វើទ្វារ បង្អួច អំពីឈើ បានជួបអ្នកស្រី អៀប សុខា ជាប្រពន្ធរបស់ឈ្មោះ ង៉ោ ម៉ៅ គាត់បានបង្ហាញលិខិតអនុញាតបង្កើតរោងសន្ធិធិលេខ ២៤២ ខរព ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ក្នុងសុពលភាពចាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ជាកម្មសិទ្ធិរបស់ឈ្មោះ ង៉ោ ឆេង(ហៅម៉ៅ) ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរនគរបាលខេត្តពោធិ៍សាត់។
ក្នុងកិច្ចប្រតិបត្តិការកម្លាំងបានពិនិត្យឃើញមានម៉ាសុីនតាបចំនួន ០១គ្រឿង,ម៉ាសុីនរណាវាលចំនួន ០១គ្រឿង,ឈើអារប្រភេទលេខ ១(ផ្ចឹក)ចំនួន ១,០០០ម៉ែត្រត្រីគុណ,ឈើអារប្រភេទលេខ ១(សុក្រម)ចំនួន ០,៥០០ម៉ែត្រត្រីគុណ,ឈើអារប្រភេទលេខ ២ខ្លុងត្បែងចំនួន ៥,០០០ម៉ែត្រត្រីគុណ,ឈើអារប្រភេទលេខ ២ឈើទាលចំនួន ៥,០០០ម៉ែត្រត្រីគុណទៀត ដូច្នេះឈើទាំងអស់សរុបចំនួន ១១,៥០០ម៉ែត្រត្រីគុណ។
លទ្ធផលក្នុងការត្រួតពិនិត្យឆែកឆេរបានឃើញដូចបានរៀបរាប់ខាងលើ ក្រៅពីនោះ ពុំបានត្រួតពិនិត្យអ្វីនោះទៀតឡើយ ហើយក៏ពុំបានដកហូតសម្ភារអ្វីនោះដែរ។
ពាក់ព័ន្ធករណីជុំវិញការត្រួតពិនិត្យឆែកឆេរដេប៉ូកៃច្នៃឈើខាងលើនេះដែរ៖ មហាជនលើកឡើងស្រដៀងៗគ្នាថា គេសង្កេតឃើញសមត្ថកិច្ច ស្ថាប័នជំនាញពាក់ព័ន្ធ សហការគ្នាចុះត្រួតពិនិត្យឆែកឆេរ និងបង្រ្កាបជាញឹកញាប់ ប៉ុន្តែដោយឡែក៖ ឈ្មួញឈើដុះស្លែ អារច្រៀកដឹកជញ្ជូនរាល់ថ្ងៃឈ្មោះ ជឹម វ័យ ភេទប្រុស រស់ភូមិ,ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសេចក្តីសុខរហូតគ្មានការបង្រ្កាបទាល់តែសោះ៕ ប៉ឹម ពិន