ខេត្តតកែវ៖ យ៉ាងហោចណាស់មានកម្មការិនីរោងចក្រ ម្នាក់បានស្លាប់ និង៥នាក់ទៀតរងរបួសស្រាល ខណៈដែលជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
អ្នកនៅក្នុងហេតុការណ៍នោះ និយាយថា មុនពេលកើតហេតុរថយន្ត បានទៅដឹកកម្មករប្រមាណជាង១០០នាក់ ចេញពីរោងចក្រស្បែកជើង សាន់បូ ដូចសព្វដងលុះដល់ចំណុចខាងលើរថយន្តបានរេចង្កូតក្រឡាប់ចាក់កម្មករ កម្មការិនី ចេញពីរថយន្តតែម្តង។
លោកវរសនីយ៍ត្រី ឈន ត្រឿន អធិការរងនគរបាលស្រុកបាទី បានឲ្យកាសែតនគរវត្តដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឲ្យកម្មការិនីម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និង៥នាក់ទៀត រងរបួសស្រាល និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី។
ដោយឡែកអ្នកបើកបររថយន្តបង្ករ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-5123 ឈ្មោះ វាល់ វ៉ន ភេទប្រុស រស់នៅភូមិក្រាំងប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវបានរត់គេចខ្លួនបាត់ស្រមោល។
លោកបញ្ជាក់ថា ករណីក្រឡាប់រថយន្តនេះ គឺបណ្តាលមកពីបច្ចេកទេសរថយន្ត ដោយរបូតម៉ែត្រចង្កូត។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត កម្លាំងជំនាញបាននឹងកំពុងយកមករក្សារទុកនៅអធិការដ្នាននគរបាលស្រុកបាទី ដើម្បីចាត់ការតាមនីតិវិធី៕ ភ្នំដា