ភ្នំពេញ៖ ដោយសារកម្មវិធីអភិវឌ្ឍអាជីវកម្មកំពុងទាក់ទាញការបោះដើមទុនពីបរទេសសម្រាប់សហគ្រាសក្នុងស្រុក ធ្វើឲ្យរាជធានីភ្នំពេញក្លាយជាបណ្ដុំមួយក្នុងចំណោមបណ្ដុំទាក់ទាញបំផុតនៅក្នុងតំបន់ទន្លេមេគង្គ សម្រាប់សហគ្រាស និងអាជីវកម្មថ្មី។ ក្រុមហ៊ុនផ្គត់ផ្គង់ការិយាល័យលំដាប់ពិភពលោក ឈ្មោះថារីជឹស (Regus) នៅថ្ងៃនេះ ប្រកាសអំពីការបើកទ្វារដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មទីពីររបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ។ វិស័យអាជីវកម្មថ្មីរបស់កម្ពុជាបានមើលឃើញពីកំណើនយ៉ាងលឿន ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ ភាគច្រើនគឺតាមរយៈគំនិតផ្ដួចផ្ដើមអាជីវកម្មផ្សេងៗ ដែលភ្ជាប់សហគ្រិនកម្ពុជាឲ្យបានជួបជាមួយនឹងវិនិយោគិនបរទេស ។
ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរឹងមាំ និងស្ថិរភាពនយោបាយ ប្រទេសកម្ពុជាបានបន្តជំរុញបរិយាកាសពាណិជ្ជកម្មកាន់តែមានភាពទាក់ទាញជាងមុនសម្រាប់ការវិនិយោគ និងការធ្វើអាជីវកម្ម ។ លោក ឡាស៍ វីតធីង (Lars Witting) នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន រីជឹស កម្ពុជា បានថ្លែងថា៖ “ប្រទេសកម្ពុជាបានក្លាយជាមជ្ឈដ្ឋានអាជីវកម្មដ៏រឹងមាំ ជាមួយនឹងការវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ហើយសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងរក្សាកំណើនរឹងមាំក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀត ។ អាជីវកម្ម និងសហគ្រាសខ្នាតតូច គឺមានចំនួនច្រើន ធៀបនឹងអាជីវកម្មទូទៅ ហើយយុវជនមានចំនួន ប្រមាណ ៤០ភាគរយ នៃប្រជាជនកម្ពុជាសរុប ដូច្នេះ កម្ពុជាគឺជាទីផ្សារដ៏សក្តិសមមែនទែនសម្រាប់ក្រុមហ៊ុន រីជឹស” ។លោកបានបន្តទៀតថា៖ “ជាមួយនឹងកម្លាំងពលកម្មវ័យក្មេងបំផុតក្នុងតំបន់ឥណ្ឌូចិន ព្រមទាំងបណ្ដាញសហគ្រិនដែលចេះតែបន្តអភិវឌ្ឍ យើងបានមើលឃើញនូវកំណើនសក្ដានុពល នៃការស្វែងរកដំណោះស្រាយចំពោះការិយាល័យធ្វើការដែលមានភាពបត់បែន ។ ក្រុមហ៊ុន រីជឹស មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងកំណើនអាជីវកម្មទាំងនេះ ហើយការពង្រីកប្រតិបត្តិការរបស់យើងក្នុងរាជធានីភ្នំពេញ គឺគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ” ។
ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការនេះ ក្រុមហ៊ុន រីជឹស បានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មទីពីររបស់ខ្លួននៅឯអគារ ឌឹ កាសា មើរីឌៀន (The Casa Meridian) នៅកោះពេជ្រ ដើម្បីនាំបណ្ដាញរបស់ រីជឹស មកកាន់ប្រទេសកម្ពុជា ។
សហគ្រាស ក្រុមហ៊ុន និងអ្នកជំនាញពាណិជ្ជកម្ម ទាំងក្នុងស្រុក និងអន្តរជាតិ នៅពេលនេះអាចទទួលបានអត្ថប្រយោជន៍ ពីការិយាល័យការងារដែលមានភាពបត់បែនរបស់ក្រុមហ៊ុន រីជឹស ដែលមានទីតាំងសំខាន់ៗចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ ដោយទីតាំងទីមួយស្ថិតនៅឯអគារធនាគារកាណាឌីយ៉ា ។
កោះពេជ្រ កំពុងប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាជម្រើសមួយទៀតបន្ថែមលើតំបន់អាជីវកម្ម ដែលបានឈរជើងរឹងមាំទៅហើយនៅក្នុងរាជធានីភ្នំពេញ ហើយកោះពេជ្រក៏បានក្លាយជាមូលដ្ឋានសម្រាប់ស្ថានទូតជាច្រើន គម្រោងអាជីវកម្ម សណ្ឋាគារ និងអាជីវកម្មលក់រាយផ្សេងៗ ។ មជ្ឈមណ្ឌលថ្មីរបស់ក្រុមហ៊ុនផ្ដល់នូវការិយាល័យធ្វើការចំនួន ១៩១ កន្លែង ព្រមជាមួយនឹងជម្រើសធ្វើការប្រកបដោយភាពបត់បែនជាច្រើនទៀត សម្រាប់អាជីវកម្ម និងអ្នកជំនាញនានា ។ ជម្រើសទាំងនេះរួមមាន ទីកន្លែងធ្វើការរួម សេវាការិយាល័យនិម្មិត (virtual office) និងបន្ទប់ប្រជុំ ដែលអាចកក់ទុកប្រើតាមម៉ោងបាន ។
លោក ឡាស៍ វីតធីង បានបន្ថែមថា៖ “ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ សហគ្រាសរបស់កម្ពុជា ជាពិសេសអាជីវកម្មថ្មី ជួបបញ្ហាប្រឈមដោយកង្វះដើមទុន និងបណ្ដាញអាជីវកម្មសំខាន់ ។ តាមរយៈការផ្ដល់នូវឱកាសសម្រាប់អាជីវកម្មបែបទំនើប និងមានការអភិវឌ្ឍន៍ ដើម្បីបានប្រតិបត្តិការទៅតាមទីកន្លែង និងពេលវេលាដែលខ្លួនចង់ ក្រុមហ៊ុន រីជឹស ក៏ជួយដល់សហគ្រិនបង្កើតបណ្ដាញ ជាមួយនឹងសហគមន៍អាជីវកម្មធំៗក្នុងស្រុក និងនៅលើសកលលោកថែមទៀតផង” ។
មិនថាអាជីវកម្មរបស់អ្នកជាអាជីវកម្មអន្តរជាតិ ឬអាជីវកម្មថ្មីនោះទេ អ្នកត្រូវការភាពបត់បែន និងភាពរហ័សរហួនជាងមុន ព្រមជាមួយនឹងទីតាំងត្រឹមត្រូវជាងមុនដើម្បី បានទទួលជោគជ័យ ។ នៅពេលនេះបណ្ដាក្រុមហ៊ុនក្នុងប្រទេសកម្ពុជាអាចទទួលអត្ថប្រយោជន៍ពីការចូលរួមនៅក្នុងបណ្ដាញអន្តរជាតិរបស់យើង ដែលកំពុងប្រើប្រាស់ទីតាំងរបស់យើងប្រមាណ ៣០០០ កន្លែងទូទាំងសកលលោក ៕ វឌ្ឍនា