ព័ត៌មានទាន់ហេតុការណ៍៖

៤នាក់ឆក់ទូរស័ព្ទ ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកបិទគូទពីក្រោយ បន្ទាប់ពីបក្ខពួក៣នាក់ទៀតធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ហើយជនរងគ្រោះដេញចាប់បានប្រគល់ឲ្យប៉ូលិស ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខហាងវីហ្រ្វេន ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ផល សុគន្ធ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅម្ដុំចំការដូង ខណ្ឌដង្កោ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា c125 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GO.6361 ។

ចំណែកជនសង្ស័យ ដែលរត់គេចខ្លួនមាន ឈ្មោះ ថុនា ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ ចំរើន សាគុណ ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ មៀន ភេទប្រុស អាយុ១៥ឆ្នាំ(អ្នកឆក់)អ្នកទាំងបីមុខរបរ និង ស្នាក់នៅមិនពិតប្រាកដ កំពុងរត់គេចខ្លួន។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គេបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូស៊ុយគី ឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FR-5187 ជិះពីរនាក់មិត្តភក្តិចេញពីផ្ទះម្តុំសាលាបាក់ទូក គោលបំណងទៅញ៉ាំអីនៅភោជនីយដ្ឋាន វីហ្វ្រេន សាខាបឹងត្របែក មួយស្ទុះក្រោយស្រាប់តែលិចមុខជនសង្ស័យ៤នាក់ខាងលើនេះ បានជិះម៉ូតូ២គ្រឿង ម៉ាកហុងដា c125 មានគ្នា៤នាក់ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីខ្លួនកំពុងអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ ពេលនោះខ្លួនបានដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ។

ចំណែកជនសង្ស័យទាំង៣នាក់ទៀតនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងម៉ូតូត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍បឹងត្របែកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖