ភ្នំពេញ៖ ពលរដ្ឋ១រូបអតីតៈជាអ្នកកាសែតឯករាជ្យធ្លាប់បានឆ្លងកាត់ការសិក្សានៅវ៉ាសុីនតោន និងទទួលនូវមនោគមន៍វិជ្ជាពីមហាអំណាចសហរដ្ឋអាមេរិក ក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា៖ មាតុភូមិកម្ពុជា រីកចម្រើនស្រស់ស្អាតយ៉ាងនេះ បែរជាគេប្រើពាក្យបង្អាប់បង្អោនជាតិយើងឲ្យថយក្រោយម្តេចនឹងបាន! មិនទេ។ ពិតហើយ យើងឈឺចាប់នឹងការប្រមាថ តែយើងមិនបែកបាក់តាមការអុជអាលនោះទេ។ កម្ពុជា នៅតែជា«ផ្ទះ»របស់យើង ដែលយើងមានចំណែកចូលរួមថែរក្សា ការពារ និងលើកតម្កើងតទៅមុខទៀត។ លោកថ្លែងបែបនេះសំដៅទៅលើអាមេរិក តែងប្រើយុទ្ធអោយខ្មែរបែកបាក់សាមគ្គីគ្នា ដែលលោកធ្លាប់ហែលរួចមកហើយ នូវទស្សនៈ បំភ្លៃ បំផ្លើស បំប៉ោង និងបំផ្លាញ ពីកម្ពុជាទៅកាន់អោយមានការយល់ច្រឡំនៅលើឆាកអន្តរជាតិ ក៏ដូចអោយពលរដ្ឋខ្មែរនៅក្រៅប្រទេសភ័យខ្លាចទាំងមិនស្វែងយល់ការពិតពីសន្តិភាព ការរីកចម្រើននៅកម្ពុជា។
ពាក់ព័ន្ធនិងការរលំរលាយគណបក្សសង្រ្គោះ ក្នុងបទល្មើសក្បត់ជាតិ កឹម សុខា ជាប់ឃុំ និងសមាជិកជាន់ខ្ពស់បក្ស១១៨នាក់ មិនអនុញ្ញាតិអោយធ្វើនយោបាយ ចាប់ពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ តាមអំណាចសាលដិកា តុលាការកំពូល។ លោក បូ ប៊ុនធឿន ម្ចាស់ការដ្ឋានសំណង់ម្នាក់រស់នៅសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ បានលើកឡើងថា៖ សម្រាប់ខ្ញុំផ្ទាល់ក៏ដូចប្រជាជនផ្សេងទៀត និយាយអោយចំគឺអ្នករកសុីតែម្តងមិនសូវជាឈឺក្បាលវិលមុខនិងរឿងអ្នកណាជាប់គុក បក្សណារលាយទេ សំខាន់ម្នាក់ៗចង់បានតែសេចក្តីសុខ ការរកសុីទទួលទានបានស្រួល អ្នកណាដឹកនាំប្រកបដោយគុណភាព មានស្មារតីទទួលខុសត្រូវ ពិសេសក៏សំណូមពរដល់ថ្នាក់លើផងដែរ ជួយមើលមន្ត្រីថ្នាក់ក្រោមនៃបុគ្គលខ្លះ អនុវត្តការងារផ្ទុយពីគោលការណ៍ថ្នាក់លើ ទំលាប់អាក្រក់ជុំវិញការបម្រើលើវិស័យ សេវាសាធារណៈ កៀបសង្កត់យកលុយ ជាមួយនិងការពាក្យសំដីកាយវិការមិនសមរម្យ បង្កើតនូវការថ្នាំងថ្នាក់ពីប្រជាជនជាដើម។
លោក ប៊ុនធឿនបន្តថា៖ ពេលខ្លះសូម្បីតែរូបលោកផ្ទាល់ក៏ធុញ ទ្រាន់ និងសមត្ថកិច្ច អាជ្ញាធរ ជំនាញសុរិយោដី ខាងសំណង់ សណ្តាប់ធ្នាប់ និងមន្ត្រីស្ថាប័នផ្សេងទៀតមករករឿង បង្កើតជាលេសបង្ខំអោយបង់លុយមិនចេះចប់ មិនចេះហើយ ដែលពួកគេមិនបានគិតពីអារម្មណ៍ប្រជាជន។ នេះលោកដឹងពីថ្នាក់លើមិនអោយមន្ត្រីថ្នាក់ក្រោមធ្វើបែបនេះ.? ចុះបើប្រជាជនមិនដឹងវិញ ..ប្រាកដណាស់…គាត់នឹងខឹងថាថ្នាក់លើអោយមន្ត្រីទាំងនោះប្រព្រឹត្ត ក្លាយទៅជាសតិអារម្មណ៍។ លោកបន្តថា៖ រាល់ថ្ងៃខ្ញុំមិនខ្វល់ទេរឿងនយោបាយ សំខាន់ខ្ញុំស្រឡាញ់សន្តិភាព ហើយបានសេចក្តីសុខហើយ យើងចង់បានអីទៀតនៅកម្ពុជាបច្ចុប្បន្ននេះ..?
លោក ទូច មនោ ជាមន្ត្រីចូលនិវត្តន៍បាននិយាយថា៖ ខ្ញុំឆ្ងល់នោះឆ្ងល់..? ជុំវិញបញ្ហា កាប់បំផ្លាញព្រៃឈើ អំពើពុករលួយ ការដាក់កុងត្រូលជជុះ សុទ្ធតែបាតុភាពមិនល្អក្នុងសង្គម ហេតុអីលុបបំបាត់មិនបាន។ រឿងតាំងពីខ្ញុំនៅធ្វើការ រហូតដល់បាត់បង់សមត្ថភាពពលកម្ម តែងឮប្រជាជន មន្រ្តីរាជការ អង្គការ សង្គមសុីវិល តែងលើកឡើងនិងវាយប្រហារ តែលុបបំបាត់មិនបាន សុទ្ធតែជារឿងរសើប ហើយងាយនិងបង្ក្រាបលុបបំបាត់។ ដូច្នេះបើសម្តេចប្រមុខដឹកនាំប្រទេសលុបបំបាត់បាន គឺសំឡេងគាំទ្រពីមជ្ឈដ្ឋានប្រជាជន មន្ត្រីរាជការអបអសាទរពេញទំហឹង ហើយសង្គមសុីវិលក៏ពិបាករកវិធីបំប៉ោងពីស្ថានការនយោបាយកម្ពុជាពីល្អទៅជាអាក្រក់ក្នុងចេតនាទុច្ចរិតបំប៉ោងបានឡើយ។
កញ្ញា ម៉ៅ សុភ័ក្រ អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់សួនវឌ្ឍនៈនិយាយថា៖ មួយជីវិតទើបបានជួយប៉ះម្រាមដៃសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ និងប្រសាសន៍របស់គាត់។ កញ្ញាលើកឡើងថា៖ ខ្ញុំនិងកម្មកររោងចក្រឯទៀតសុទ្ធតែទទួលបានការនិយាយប្រាប់តៗគ្នាថា៖ សម្តេច ហ៊ុន សែន ផ្តាច់ការ មិនគិតគូរកម្មករ តម្លើងប្រាក់ខែ ឬអោយថៅកែរោងចក្រ គោរពច្បាប់ការងារ ពិសេសខាងបក្សលោក កឹម សុខា សម រង្សុីវាយប្រហារខ្លាំង។ ចុងក្រោយទើបដឹងថាសម្តេចមានមនោសញ្ចេតនាខ្ពស់គិតគូរ ដល់កម្មករគ្រប់រូប ផ្ទុយស្រឡះពីការបំផ្លើសនាគ្រាមុនៗ។ ក្នុងសម្តេច ហ៊ុន សែន ចាត់ទុកកម្មករ ជាកូន ជាចៅ ជាក្មួយៗ ត្រូវបានតម្លើងប្រាក់ខែ ទទួលបានប្រាក់ឧបត្ថម្ភ ថ្លៃសេវាសុខភាព គិតគូកម្មការិនីមានផ្ទៃពោះសម្រាប់រយះពេលឈប់សម្រាកជាដើម។
អ៊ុំប្រុស សួន វាសនា ជាអ្នករត់ម៉ូតូឌុប មានវ័យជាង៦០ឆ្នាំ ជាមួយនិងក្រុមគាត់៥-៦នាក់ទៀតបាននិយាយថា៖ ពីមុនក៏ដូចបច្ចុប្បន្នទទួលស្គាល់មានកម្មករ អ្នករត់ម៉ូតូ ប្រជាជនខ្លះគាត់ស្អប់ថ្នាក់ដឹកនាំ ប៉ុន្តែមិនមែនស្អប់ដូចជារបប ប៉ុល ពត របបបនប្រល័យពូជសាសន៍នោះទេ គឺគាត់ស្អប់ត្រង់ខ្វះការតាមដានអោយដិតដល់ពីទង្វើមន្ត្រីថ្នាក់ក្រោមខ្លះ មានទម្លាប់កៀបសង្កត់ប្រជាជនហើយ នៅតែមានមុខធ្វើការ មានឱកាសឡើងធំ ទើបពួកគាត់ បង្ខំចិត្តបោះឆ្នោតអោយទៅអ្នកផ្សេងទាំងដឹងថា៖ អ្នកនោះមិនចំណាប់ មិនសូវយល់ដឹង តែគ្រាន់បើជាងអ្នកមុនខ្វះការយកចិត្តថ្លើមប្រជាជន កៀបសង្កត់ជាដើម។ តែបច្ចប្បន្នតាមរយះបច្ចេកវិទ្យាព័ត៍មាន ធ្វើអោយប្រជាជនឆាប់ទទួលបានពីគំនិតថ្នាក់ដឹកនាំ ពិសេសសម្តេច ហ៊ុន សែន ពិតជាស្អប់មែនមន្ត្រីខិលខូច និងមានឆន្ទះផ្តល់សេចក្តីសុខ អោយប្រជាជនមានបាននោះ។
ប្រជាជនបានលើកឡើងថា៖ បន្ទាប់ពីបក្សសង្គ្រោះជាតិរលាយប្រជាជនទទួលស្គាល់ថា៖ មន្ត្រីតាមមូលដ្ឋានមានឥរិយាបថប្រែប្រួល ទាំងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍន៍តានមូលដ្ឋាន គឺមិនគិតថាភូមិ-ឃុំណា ប្រជាជនគាំទ្របក្សណាទេ ដោយបានកសាងបម្រើអោយប្រជាជនទូទៅ ដែលគេរំពឹងទុកជាមុនគណបក្សកាន់អំណាចបន្តឈ្នះឆ្នោតដឹកនាំប្រទេសតាមរយះផ្តល់សេចក្តីពីប្រជាជន។
ប្រជាជនគ្រប់រូបយល់ដឹងច្រើនដូច្នេះពួកគាត់មិនឆោតល្ងង់លង់ការបោកបញ្ឆោត បំប៉ោង បំភ្លៃពីអ្នកនយោបាយកញ្ជាស់បរទេសទៀតឡើយ។ ម្នាក់ៗបានជ្រួតជ្រាបអស់ហើយពី ការពិតនៃស្មារតីអ្វីហៅថា «ប្រជាធិបតេយ្យ»ដែលសម្តេចតេជោដឹកនាំ បន្សល់ទុកនូវ៖
១- ស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា នៅរក្សាដដែលគឺ «ប្រជាធិបតេយ្យ សេរីពហុបក្ស»។
២- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាស ដើរតាមស្មារតីរដ្ឋធម្មនុញ្ញ លើផ្លូវសន្តិភាព ឯករាជ្យ និងប្រជាធិបតេយ្យសេរីពហុបក្ស ហើយកំណត់ការបោះឆ្នោតយ៉ាងទៀងទាត់៖ ២៥ កុម្ភៈ ២០១៨ បោះឆ្នោតព្រឹទ្ធសភា ហើយ ២៩ កក្កដា ២០១៨ បោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រ។
៣- ប្រជាជនកម្ពុជាដែលមានសិទ្ធបោះឆ្នោតទាំង៩លាននាក់ ក្នុងនោះរួមទាំងបងប្អូន៣លាន នាក់ដែលថាកន្លងមកបោះឲ្យបក្សរលាយផង គឺគ្រប់រូបមានសិទ្ធិបង្កើតគណបក្សនយោបាយ មានសិទ្ធបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត លើកលែង១១៨នាក់ ដែលតុលាការដកសិទ្ធិនយោបាយ និងអ្នកខ្លះរត់ចោលស្រុកដោយសារមានបទល្មើស។
៤- ប្រជាធិបតេយ្យ មិនមែនជាចំណាប់ខ្មាំងរបស់អ្នកណា ឬក្រុមណាមួយទេ។ «ពិរុទ្ធជន» មិនអាចយកពាក្យ «ប្រជាធិបតេយ្យ» ទូទាត់ជាមួយអំពើល្មើសច្បាប់នោះទេ។ ក្នុងពិភពលោក ប្រទេសណាក៏អនុវត្តច្បាប់ ប្រទេសណាក៏មានគុក។ មនុស្សមិនមែនជាព្រះ! ដូច្នេះអ្នកខុស គឺត្រូវទទួលខុសត្រូវអំពើរបស់ខ្លួនឯង។
៥- សុខភាពប្រជាធិបតេយ្យដែលល្អ គឺត្រូវតែដើរតាមនីតិរដ្ឋ។ បើមិនអនុវត្តច្បាប់ លើអ្នកខុសច្បាប់ គឺនឹងបង្កើតឡើងនូវភាពអនាធិបតេយ្យ ដែលមិនអាចគ្រប់គ្រងបាន ហើយមានផលវិបាកធ្ងន់ធ្ងរដល់ប្រជាជននិងសង្គមជាតិ។
៦- សុខភាពប្រជាធិបតេយ្យ នឹងកាន់តែល្អ ក្នុងពេលប្រទេសមាន «វិន័យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍»។ សូមចងចាំថា៖ សូមមេត្តាកុំលក់ មាន់ ទា បម្រើប្រជាធិបតេយ្យបោកប្រាស់។ ប្រជាធិបតេយ្យ គឺចាប់ផ្តើមពីគុណភាពជីវិតប្រជាជនយើងម្នាក់ៗកាន់តែរីកចម្រើន៕ សុខ ខេមរា