ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅបុករថយន្តតាក់សុីពីចំហៀងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តតាក់សុីពីចំហៀងដែលកំពុងបត់ត្រឡប់ក្រោយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទល់មុខភោជនីយដ្ឋាន ហួរណាម សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូស ពណ៌ត្រួយចេក ១គ្រឿង ជាប្រភេទរថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនតាក់ស៊ីខ្មែរ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6513 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុបម្រុងនឹងបត់ត្រលប់ក្រោយ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-1142 ធ្វើដំណើរក្នុងក្នុងល្បឿនលឿន បម្រុងនឹងបត់ត្រលប់ក្រោយដែរ ក៏ជ្រុលទៅបុកចំទ្វារក្រោយខាងឆ្វេងនៃរថយន្ត បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតទ្វារខាងក្រោយ និងម៉ូតូរងការ​ខូច​ខាត​បន្តិចបន្តួច។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចរចាគ្នាមួយសន្ទុះមិនត្រូវគ្នា ក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយទៅតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖