ព័ត៌មានទាន់ហេតុការណ៍៖

លោកពាក់មី និង រ៉ាប៊ីរំពឹងខ្ពស់លើរឿងកំប្លែង«អ្នកបម្រើ០០៧»

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីជោគជ័យខ្លាំងនៃភាពយន្តខ្នាតធំរឿង «ទឹកចិត្តម្តាយសម័យថ្មី» ផលិតកម្មTown បានប្រកាសចេញចាក់បញ្ចាំងភាពយន្តបែបកំប្លែងថ្មីមួយគឺរឿង «អ្នកបម្រើ០០៧» ដែលដឹកនាំ និងសម្តែងដោយនាយពាក់មី ។ នាយពាក់មី និងតួឯកស្រីកញ្ញា រ៉ាប៊ី បានដាក់ក្តីរំពឹងខ្ពស់ថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

ភាពយន្តថ្មីនេះ បានដាក់សម្ពោធជាផ្លូវការនាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នារោងភាពយន្ត PrimCineplexស្ថិតនៅក្នុងបរិវេណផ្សារទំនើបសុវណ្ណា។ នាយពាកមី បានថ្លែងប្រាប់ថា រឿង”អ្នកបម្រើ០០៧”នេះមិនផ្តោតលើការអប់រំសង្គមអ្វីច្រើនប៉ុន្មាននោះទេ គឺចំណុចជាគោល គ្រាន់តែចង់បង្ហាញការសើចសប្បាយកំប្លែង និងវណ្ណៈអ្នកមាន អ្នកក្រ ។

លោកអះអាងទៀតថា លោកនិពន្ឋរឿងថ្មីនេះ ឡើងយូរមក ហើយព្រមទាំងថតចប់ក៏យូរដែរដោយរោងភាពយន្ត មិនមានចម្លោះម៉ោងសម្រាប់ចាក់បញ្ចាំងទើបត្រូវពន្យាពេល។ ម្យ៉ាងទៀតខាងផលិតកម្មTown ទើបតែសម្រេចចាក់បញ្ចាំងរឿង”ទឹកចិត្តម្តាយសម័យថ្មី”លើកទី១ផ្ទុះផងនោះទើបវណ្ណកម្មទី២ ត្រូវពន្យាពេលចាក់។ នាយពាក់មីថាលោកនៅមានស្នាដៃផលិតថ្មីៗជាច្រើនទៀតសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជនហើយស្នាដៃថ្មីនេះលោករំពឹងថានឹងធ្វើឲ្យទស្សនិកជនបានសើចសប្បាយបំបាត់ភាពហត់នឿយពីការងារ។

តារាចម្រៀងកញ្ញារ៉ាប៊ីបានឲ្យដឹងដែរថា នេះជាស្នាដៃដំបូងដែលនាងនឹងលោក ពាក់មី សម្តែងជាតួសំខាន់ជារួមគ្នា។ កញ្ញាថា ការសម្តែងជាមួយនាយពាក់ មីគឺសប្បាយហើយចូលចិត្តធ្វើឲ្យសើចទើបរំពឹងថាបងប្អូននឹងជួយគាំទ្រក្រោយពេលបញ្ចាំងជាផ្លូវការ។

វណ្ណកម្មទី២រឿង”អ្នកបម្រើ០០៧”របស់ផលិតកម្មថោនបានចំណាយពេលផលិតជាច្រើនខែ និងចំណាយទឹកប្រាក់ជិត៥ម៉ឺនដុល្លារអាមេរិកហើយចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃ២៣ វិច្ឆិកា ឆ្នាំ២០១៧តទៅគ្រប់រោងភាពយន្តនៅភ្នំពេញ។

រឿង”អ្នកបម្រើ០០៧”ដឹកនាំរឿងដោយពាក់មី និងលោកអ៊ិន រិទ្ឋីវិចិត្រ ជំនួយការដឹកនាំសម្តែងដោយលោករាជ ម៉ានុត លោកសឿសំអាត ចាត់ការទូទៅដោយលោក ជួប សម្បត្តិ និងលោកជា សុភក្រ័។ ក្រៅពីតារាសម្តែងនាយពាក់ មី និកញ្ញារ៉ាប៊ី ក៏មានសិល្បករជាច្រើនចូលរួមសម្តែងផងដែរ ដូចជានាយគ្រឿននាងខ្ញុង លោកសុវណ្ណរិទ្ធី ហៅលោកតាវិចទ័រ នាយកៃដលោកហាក់ សុខហេង និងតារាកិត្តិយសជាច្រើនទៀត៕ វឌ្ឍនា


ចែករំលែក៖