ភ្នំពេញ ៖ ថ្លែងក្នុងជំនួប ជាមួយក្រុមសិក្ខាកាម១៦រូប ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជូន ទៅសិក្សាផ្នែក មីក្រូហិរញ្ញវត្ថុឥស្លាម លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូល និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់ឲ្យដឹងថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧នេះថា៖ ក្នុងជំហានដំបូងដើម្បីឈានដល់ការបើក ដំណើរការគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុឥស្លាម ដែលសហការជាមួយភាគីម៉ាឡេស៊ី នៅដើមឆ្នាំ២០១៨ គឺសិក្ខាកាមទាំង អស់ត្រូវចាប់ផ្តើម អនុវត្តការចុះជួប និងស្រង់ទិន្នន័យអតិថិជន ដែលត្រូវការប្រាក់កម្ចីពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុឥស្លាម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការចុះផ្ទាល់នេះនឹងត្រូវចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ ។
លោកបានបញ្ជាក់ថា ៖ តាមស្តង់ដារភាគីដៃគូម៉ាឡេស៊ី ដែលបានអនុវត្តកន្លងមកហើយទទួលបានជោគជ័យ ទោះបីជាពុំមានការបង់ការប្រាក់ក្តី ប៉ុន្តែ អ្នកកម្ចីតម្រូវឲ្យបង់សេវាកម្មលើកដំបូងតែម្តងគត់ ចំនួន១០ភាគរយនៃទុន កម្ចីសរុប ដែលខ្ចីក្នុងកំឡុងពេល២ឆ្នាំ ដែលភាគរយនេះ គឺជាកម្រិតទាបបំផុត ដែលគ្រឹះស្ថានផ្តល់ជូន បើធៀបនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទៅ ឬធនាគារទូទៅ មិនមែនឥស្លាម។
លោកបានបញ្ជាក់ថា៖ គម្រោង ឥណទានកម្ចីខាងលើ គឺជាគម្រោងលើកកំពស់ជីវភាពស្ត្រីក្រីក្រ ដែលមានគំនិតក្នុងការបង្កើតអាជីវកម្មដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ដែលគម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកំពស់ជីវភាពអ្នកក្រខ្សត់ ជាពិសេសគឺស្ត្រីតែម្តង ដោយសារក្នុងក្នុងគោលការណ៍ តម្រូវឲ្យ អ្នកដែលដាក់ពាក្យស្នើសុំកម្ចីជាស្ត្រីប៉ុណ្ណោះ។
លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាបុគ្គលិកត្រៀមបម្រុងទាំង១៦រូប ត្រូវពុះពារការងារបន្ត ដើម្បីសម្រេចឲ្យបានជោគជ័យក្នុងបេសកកម្មមួយនេះ អាចថាបើគម្រោងបែបគ្រឺះស្ថានឥស្លាមខាងលើដំណើរការល្អ នឹងឈានដល់មានដៃគូរសហការលើវិស័យធានាគារ បែបឥស្លាម ក៏ថាបាននៅពេលអនាគត ព្រោះវាផ្តល់ការលើក លែងដល់អតិថិជន ឬសហគ្រិនដែលគាត់មានគម្រោងបង្ក បង្កើតមុខរបរជាអាជីបផ្សេងៗ សម្រាប់គ្រួសារ នីមួយៗ ៕ សំរិត