ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅក្នុងបុរីភ្នំពេញផ្ទុះការតវ៉ានឹងក្រុមហ៊ុនសន្តិសុខដែលបិទប៉ារ៉ាស់មិនឲ្យពួកគាត់ចេញ ចូល

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងបុរីភ្នំពេញថ្មី(ទឹកថ្លា)បានផ្ទុះការតវ៉ានិងក្រុមហ៊ុនសន្តិសុខ ដែលបិទប៉ារ៉ាស់ មិនឲ្យពួកគាត់ចេញ ចូលដោយសំអាងថា ប្រជាពលរដ្ឋមិនព្រមបង់ថ្លៃសេវា ។

ការតវ៉ានេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបុរីភ្នំពេញថ្មី ភូមិភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ឆន សោភា ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាតំណាងក្រុមសន្តិសុខក្នុងបុរីបានឲ្យដឹងថា មូលហេតុដែលពួកគាត់មិនបម្រើសេវាឲ្យពួកគាត់នោះដោយសារតែប្រជាពលរដ្ឋមួយចំនួនតូច រស់នៅក្នុងបុរីមួយចំនួនមិនព្រមបង់ថ្លៃសេវាចំនួន៥ខែមកហើយ ក្រោយពីក្រុមហ៊ុនដំឡើងថ្លៃ៥ដុល្លារបន្ថែមទៀតនោះ ទើបខាងសន្តិសុខមិនបម្រើសេវាបើកប៉ារ៉ាស់ឲ្យហើយតម្រូវឲ្យពួកគាត់ចុះបើកប៉ារ៉ាស់ដោយខ្លួនឯង។

លោក ឈ្មោះ ភូ សម្បត្តិ ដែលជាតំណាងក្រុមហ៊ុនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានចំនួន៨២ផ្ទះ ហើយគេបានបង់ថ្លៃសេវាក្នុងតម្លៃ៣០ដុល្លារ ក្នុង១ខែ អស់ហើយ នៅសល់តែពលរដ្ឋជាម្ចាស់ផ្ទះប្រហែលជា១០គ្រួសារតែប៉ុណ្ណោះ ដែលមិនព្រមបង់ឲ្យ ហើយមូលហេតុដែលខាងសន្តិសុខបិទប៉ារ៉ាស់នេះ គឺដោយសារតែម្ចាស់ផ្ទះមួយចំនួនតូចមិនព្រមឯកភាពនូវការដំឡើងថ្លៃ៥ដុល្លារបន្ថែមទៀត ហើយពួកគាត់មិនបានបង់ថ្លៃសេវាចំនួន៥ខែមកហើយ ទើបខាងសន្តិសុខបិទប៉ារ៉ាស់បែបនេះ។

លោក ថេង សុីធឿន អាយុ៥៥ឆ្នាំតំណាងប្រជាពលរដ្ឋបានឲ្យដឹងថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ានៅពេលនេះ គឺដោយសារតែខាងម្ចាស់បុរីចេះតែដំឡើងថ្លៃសេវាសន្តិសុខច្រើនពេក ហើយការបំរើសេវាមិនបានល្អ ទើបពួកគាត់សំណូមពរសុំឲ្យដកក្រុមសន្តិសុខ ដែលយាមរាល់ថ្ងៃនោះចេញ និងសុខចិត្តរៀបចំដាក់សន្តិសុខថ្មីដោយខ្លួនឯង។

លោក ឈុន វ៉ាន់ឡេង តំណាងប្រជាពលរដ្ឋបានលើកឡើងថា មូលហេតុដែលពួកគាត់បានលើកឡើងថា ពួកគាត់ក៏សូមឲ្យដកក្រុមសន្តិសុខដែលបំរើសេវារាល់ថ្ងៃនោះចេញ ព្រោះថាការបំរើសេវានៅក្នុងបុរីនេះ គឺវាថ្លៃលើសបុរីផ្សេងៗហើយឡើងថ្លៃរហូតគឺមុនដំបូងបង់តែ២០ដុល្លារ ក្រោយមកទៀតឡើង២៥ដុល្លារ ហើយថ្មីៗនេះខាងក្រុមហ៊ុនទាមទារឡើង៥ដុល្លារទៀតសរុប៣០ដុល្លារក្នុង១ខែ ទើបពួកគាត់មិនយល់ព្រមហើយពួកគាត់សុំរៀបចំរកសន្តិសុខថ្មីមកដាក់វិញ បើសិនជាប្រជាពលរដ្ឋរស់នៅក្នុងបុរីនោះមានការយល់ព្រមផ្តិតមេដៃលើសពី៥០ភាគរយ។

ក្រោយមក តំណាងប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនបានសម្របសម្រួសគ្នាដោយខាងក្រុមហ៊ុនយល់ព្រមប្រគល់សេវាសន្តិសុខឲ្យទៅប្រជាពលរដ្ឋគ្រាប់គ្រងវិញ បើសិនជាពួកគាត់គាំទ្រផ្តិតមេដៃលើសពី៥០ភាគរយ៕ តុង សីហា

 

 


ចែករំលែក៖