ភ្នំពេញ ៖ បុរសម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍មិត្តភាព ខណ្ឌ៧មករា ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេបានប្រើហឹង្សា ដោយលោតធាត់នារីជាសង្សារមួយជើង បណ្ដាលឲ្យរងរបួស ភ្លាមនោះកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះក៏អន្តរគមន៍ ដោយឃាត់មិនឲ្យឈ្លោះគ្នាទៀត ហើយបុរសបង្កមិនព្រមស្ដាប់ ក៏ចាប់បញ្ចូនមកប៉ុស្តិ៍មិត្តភាព ដើម្បីចាត់ការតាមច្បាប់ ។
ករណីហឹង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ៥៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនឃាត់ខ្លួនបុរសខាងលើ គឺកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែ ឃើញភាគីខាងបុរស និងនារីរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅចំណុចខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី លុះពេលកម្លាំងសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ដើម្បីឃាត់កុំឲ្យឈ្លោះគ្នាទៀត បែរជាបុរសខាងលើនោះមិនព្រមស្ដាប់ការណែនាំពីសមត្ថកិច្ច ហើយមិនតែប៉ុណ្ណោះ បានលោតទៅធាត់នារីរងគ្រោះមួយជើង ចំពោះ បណ្តាលឲ្យនារីរងគ្រោះចុកពោះយ៉ាងខ្លាំង ឃើញដូច្នេះសមត្ថកិច្ចក៏ចាប់វាយខ្នោះ រួចបញ្ជូនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព តែម្តង។
ក្រោយកើតហេតុនារីរងគ្រោះបានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួន បុរសដៃដល់ ចាត់ការតាមនីតិវីធី៕ស រស្មី