ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករដែលលក់ដូរតាមរ៉ឺម៉កកង់បីនៅបរិវេណសួនច្បារក្តាន់ពីរ ប្រមាណជា៤០គ្រួសារ សុំអន្តរាគមន៍អាជ្ញាធរខណ្ឌ៧មករា​ជួយឲ្យបាន​លក់ដូរដូចមុន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាជីវករដែលលក់ដូរតាមរ៉ឺម៉កកង់បីនៅបរិវេណសួនច្បារក្តាន់ពីរ ប្រមាណជា៤០គ្រួសារ បាននាំគ្នាទៅមុខសាលាខណ្ឌ៧មករា​ ដើម្បីសុំអន្តរគមន៍ពីអាជ្ញាធរខណ្ឌ ជួយឲ្យពួកគាត់បាន​លក់ដូរដូចដើមវិញ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតិឲ្យលក់ដូរ ព្រោះទីតាំងនេះ គឺជាផ្លូវធំ ដែលថ្នាក់ដឹកនាំជាតិនិងអន្តរជាតិឆ្លងកាត់ និងមិនចង់ឲ្យមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ បង្កការកក់ស្ទះចរាចរផងដែរ ។

ករណីក្រុមអាជីវករបានលើកគ្នាទៅតវ៉ានិងសុំអន្តរគមន៍ពីអាជ្ញាធរខណ្ឌ៧មករានេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចសាលាខណ្ឌ៧មករា សង្កាត់វាលវង ខណ្ឌ៧មករា ។

ស្រ្តីម្នាក់ឈ្មោះ ចាន់ អាយុ៥០ឆ្នាំ បានឲ្យដឹងថា សព្វថ្ងៃនេះគាត់រស់បានដោយសារតែការលក់ដូរបន្តិចបន្តួចនៅតាមចិញ្ចើមផ្លូវគ្រាន់តែចញ្ចឹមជីវិត ហើយបើឲ្យគាត់ឈប់លក់ចឹងគាត់មិនដឹងថា ទៅបានធ្វើទីពឹងទៀតឡើយ ចឹងពួកគាត់សុំឲ្យអាជ្ញាធរខណ្ឌ ជួយឲ្យពួកគាត់បាន​លក់ដូរដូចដើមវិញផង ។

ប្រភពព័ត៍មានពីអាជ្ញាធរខណ្ឌ៧មករា បានឲ្យដឹងថា កន្លងមកក្រុមអាជីវករដែលលក់ដូរតាមរ៉ឺម៉កកង់បីនៅបរិវេណសួនច្បារកាន់ពីរ ប្រមាណជា៤០គ្រួសារ ធ្វើការលក់ដូរមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ បង្កការកក់ស្ទះចរាចរ ព្រោះទីតាំងផ្លូវសហព័ន្ធរុស្ស៊ីនេះជាផ្លូវ ដែលថ្នាក់ដឹកនាំជាតិនិងអន្តរជាតិឆ្លងកាត់​ ទើបអាជ្ញាធរមិនអនុញ្ញាតិឲ្យធ្វើអាជីវកម្មទៀតឡើយ ហើយបើកពួកគេចង់បានទីតាំងនោះលក់ដូរវិញ សូមរើសតំណាងដើម្បីធ្វើការស្នើសុំទៅថ្នាក់លើ ធ្វើការអនុគ្រោះ ៕ ស រស្មី


ចែករំលែក៖