ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលបានឃាត់រថយន្តម៉ាក់អុីស៊ុយហ្សុ៊យ មួយគ្រឿង ពណ៌ត្រេអុី ពាក់ស្លាកលេខជាន់ជាមួយស្លាកលេខក្លែងក្លាយរថយន្តហ្វដ គេចពន្ធ។ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបកាលពីវេលាម៉ោង១១រសៀលថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិទល់មុខផ្លូវចូលវត្តតាហីុ ស្ថិតក្នុងសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឃាត់ រថយន្ត២បាំងមួយគ្រឿង ពណ៌ត្រេអុីដែលពាក់ស្លាកខេមរភូមិន្ទ ០៧ ២.៩១១០ ជា ស្លាកលេខជាន់ជាមួយរថយន្តហ្វដ ពណ៌ស មួយគ្រឿង ស៊េរីឆ្នាំ២០១៦ ដែលពាក់ស្លាក ខេមរភូមិន្ទ ០៧ ២.៩១១០ ក្លែងក្លាយ ដែលជារថយន្តគេចពន្ធត្រូវបានជនល្មើសនាំចូលតាមច្រករបៀងខុសច្បាប់ ។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលស្រុកថ្ម ពួកបានឃាត់រថយន្តហ្វដ១គ្រឿង ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខខេមរភូមិន្ទ ០៧ ២.៩១១០ ក្លែងក្លាយដែលឈ្មួញឃុប ឃិតជាមួយកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនលួចនាំចូលរថយន្តគេចពន្ធល្មើសច្បាប់ ផ្ទុយពីអនុសាសន៍របស់សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានដាក់វិធានការលុបបំបាត់ច្រករបៀងល្មើសច្បាប់ និងទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន ។
ក្រោយពេលឃាត់រថយន្តសេ៊រីទំនើបគេចពន្ធដែលពាក់ស្លាកលេខខេមរភូមិន្ទ ០៧ ២.៩១១០ ក្លែងក្លាយកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដែលរត់គេចខ្លួនហើយប្រទះឃើញរថយន្តម៉ាកអុីស៊ុយហ្សុ៊យ ពាក់ស្លាកខេមរភូមិន្ទ ០៧ ២.៩១១០ ដូចគ្នាក៏ឃាត់យកមក សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរម្ចាស់រថយន្ត ៕ ហេង នរិន្ទ្រ