ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកតំបែរ​ ដាក់កម្លាំងឆែកឆែរអាវុធជាតិផ្ទុះ​ ឃាត់ជនសង្ស័យ២នាក់​ និងចាប់យកថ្នាំញៀនមួយក​ញ្ចប់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ជនសង្ស័យ​២នាក់​ ដែលជា​មុខសញ្ញា​ ចរាចរ​ថ្នាំញៀន​ ត្រូវ​បាននគរបាលព្រហ្មទណ្ឌស្រុកតំបែរ​ ចាប់ខ្លួន​ ខណៈ​ពួកឡើងមកទិញដូរថ្នាំញៀន​ កាលពី​យប់​
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។

លោកវរសេនីយ៍ត្រី ស៊ាន ម៉េងស៊ា អធិការរងទទួលផែន​ព្រហ្មទណ្ឌបានឲ្យដឹងថា​ ការឃាត់ខ្លួនជនស​ង្ស័យទាំង២​នាក់ខាងលើ​ បន្ទាប់ពី​កម្លាំងសមត្ថិកច្ចបានទទួលព៌ត៏មានពីកម្លាំងមូលដ្ឋានសម្ងាត់ថា មានជនសង្ស័យ២នាក់ ឡើងទៅទិញគ្រឿងញៀន​ ពីស្រុកឆ្លូង ខេត្តក្រចេះ យកមកលក់នៅស្រុកតំបែរ ។​

លោកបានឲ្យដឹងទៀតថា​ ពេលនោះប្រើប្រាស់កម្លាំង​៥នាក់ ដឹកនាំដោយលោកផ្ទាល់ បានរៀបចំកម្លាំងធ្វើរដ្ឋបាលចំហរឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវលំក្បាលស្ពានបណ្តឹសឫស្សី ឆ្លងព្រែក ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រហូតដល់វេលាម៉ោង ១១-៣០នាទីនាថ្ងៃ ដដែល សមត្ថកិច្ចក៏បានប្រទះ​ ឃើញមុខសញ្ញាសង្ស័យចំនួន២នាក់ រួចឃាត់ឆែកឆេរលើខ្លួនប្រាណក៏រកថ្នាំញៀន០១កញ្ចប់តូច។

ជនសង្ស័យទាំង២នាក់ឈ្មោះ​ ១-ឈ្មោះ សារី យ៉េស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចាម រស់នៅភូមិថ្នល់កែង ឃុំសឹដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ ២-ឈ្មោះ លី វ៉ាហេត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិចាម រស់នៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ បាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី​ ៕ ​វណ្ណៈ


ចែករំលែក៖