ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងផ្ទៃប្រទេសដឹកនាំដោយលោក អនុសេនីយ៍ទោ មាន វិចិត្រ អនុប្រធានក្រុមបង្រ្កាបបទល្មើសធនធានធម្មជាតិ ចុះបង្រ្កាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនផលអនុផលព្រៃឈើ លទ្ធផលបង្រ្កាបម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើប្រភេទប្រណីត(ធ្នង់)ជិត ២តោន នៅស្រុកភ្នំក្រវាញ។
ប្រតិបត្តិការខាងលើធ្វើឡើងវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្តែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការងារនេះបានឲ្យដឹងថា ក្នុងនោះកម្លាំងបានឃាត់ម៉ូតូដឹកឈើប្រភេទប្រណីត(ធ្នង់)ចំនួន ០៥គ្រឿង និងគោយន្តកន្រ្តៃចំនួន ០១គ្រឿងផងដែរ ខណៈពួកគាត់កំពុងចរាចរណ៍ដឹកជញ្ជូនឈើនៅលើដងផ្លូវ(កន្លែងបង្រ្កាប)។
ប្រភពខាងលើបន្តថា លទ្ធផល៖ បង្រ្កាបបានឈើប្រភេទប្រណីត(ធ្នង់)ទាំងម៉ូតូ និងគោយន្តកន្រ្តៃមានចំនួន ៩៧ដុំ មានទម្ងន់ចំនួន ១៨៥៨គីឡូក្រាម ស្មើរនឹងចំនួន ១,៤២៩ម៉ែត្រត្រីគុណ ហើយសុទ្ធតែឈើប្រភេទប្រណីត(ធ្នង់)ទាំងអស់។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះករណីនឹងជនប្រព្រិត្តដឹកជញ្ជូនផលអនុផលព្រៃឈើបានអប់រំ និងកិច្ចសន្យាត្រឹមត្រូវ ហើយមធ្យោបាយម៉ូតូ និងគោយន្តកន្រ្តៃបានប្រគល់ឲ្យម្ចាស់គាត់វិញ ដោយឡែក៖ វត្ថុតាងឈើប្រភេទប្រណីត(ធ្នង់)បានប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ យកទៅរក្សាទុក និងបន្តនីតិវិធី៕ ប៉ឹម ពិន