ភ្នំពេញ៖ មនុស្សម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោឃាត់ខ្លួនក្រោមបទសង្ស័យរក្សាទុកថ្នាំញៀន និង២នាក់ផ្សេងទៀត ករណីរក្សាទុកអាវុធកែច្នៃចុងស្រូចនៅជាប់នឹងខ្លួន ក្រោមបទសង្ស័យធ្វើសកម្មភាពបទល្មើសនៅលើដងផ្លូវសាធារណៈ។
ជនសង្ស័យ៣នាក់ខាងលើនេះ បានធ្វើការឃាត់ខ្លួននៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តសំបួរមាស ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ វ៉ន កញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុរបរសន្តិសុខ។ មធ្យោបាយដោយម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគី ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ធំ1F-4983។
សមត្ថកិច្ចបានប្រាប់ថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងគណៈបញ្ជាកឯកភាពរដ្ឋបាលខណ្ឌដង្កោបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះលើដងផ្លូវ២១៧ ខណៈដែលជនសង្ស័យជិះម៉ូតូ១គ្រឿងម្នាក់ឯងក៏ហៅឲ្យឈប់ត្រួតពិនិត្យឆែកឆេររកឃើញមានរក្សាទុកថ្នាំញៀននៅក្នុងហោប៉ៅខោខាងស្តាំ១ថង់តូច។
សមត្ថកិច្ចក៏ឃាត់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំបន្តទៅតាមនីតិវិធីច្បាប់។ ដោយឡែកមនុស្ស២នាក់ផ្សេងទៀត សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនផងដែរដែលបានរក្សាទុកអាវុធកែច្នៃចុងស្រួច ដែលយើងសន្និដ្ឋានថាជាឧបករណ៍ពាក់ព័ន្ធនឹងបទល្មើស៕ តាឡឹម