ព័ត៌មានទាន់ហេតុការណ៍៖

កំពុងធ្វើសកម្មភាពគាស់បង្អួចបម្រុងលួចយកទ្រព្យសម្បត្តិម្ចាស់ផ្ទះមកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ កំពុងធ្វើសកម្មភាពគាស់បង្អួចបម្រុងចូលលួចយកទ្រព្យសម្បត្តិ ត្រូវបានម្ចាស់ផ្ទះមកទាន់ ស្រែកផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចនាំគ្នាព័ទ្ធពួនស្ទាក់ចាប់ខ្លួន កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ឹង ដាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រីឯជនរងគ្រោះឈ្មោះ លី សុខា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិខ្ពបវែងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ដែកគាស់ប្រវែង៥៧សង់ទីម៉ែត្រ,បំពង់ទីបប្រវែង៩៩សង់ទីម៉ែត្រ និងដែកដាប់ប្រវែង២៧សង់ទីម៉ែត្រ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះទៅផ្សារដើម្បីទិញអីវ៉ាន់ ដោយបានចាក់សោទ្វារ និងដាក់គន្លឹះបង្អួចផងដែរ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឃើញផ្ទះរបស់ជនរងគ្រោះស្ងាត់ជ្រងំគ្មានមនុស្សនៅ ក៏បានយកដែកគាស់ ដែកដាប់ និងបំពង់ទីបធ្វើសកម្មភាពគាស់បង្អួចចូលទៅក្នុងផ្ទះបម្រុងនិងលួចយកទ្រព្យសម្បត្តិ តែមិនបានសម្រេចសំណាងល្អម្ចាស់ផ្ទះមកទាន់ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏ស្រែកឆោឡោភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចបាននាំគ្នាពួនស្ទាក់ដេញចាប់រហូតឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដូចបានរៀបរាប់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖