ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ក្នុងករណីពាក់ព័ន្ធថ្នាំញៀន ។ ប្រតិបត្តិការចាប់ខ្លួនខាងលើនេះធ្វឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យី វីរះ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្នភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៨កញ្ចប់ (ធំ១កញ្ចប់ ,មធ្យម១កញ្ចប់និងតូច៦កញ្ចប់) និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-7809 ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំព្រែកគយ ស្រុកស្អាង ដែលសមត្ថកិច្ចតាមដាននិងកំណត់មុខសញ្ញាច្បាស់ជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនបានទេ លុះមកដល់វេលាម៉ោង និងថ្ងៃខែកើតហេតុខាងលើ នគរបាលផ្នែកប្រឆាំងគ្រឿងញៀស្រុកបានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យឈ្មោះ យី វីរះ កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះ ក៏សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ចុះធ្វការឆែកឆេរជនសង្ស័យរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៨កញ្ចប់ ឈានដល់ចាប់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីជនមិនស្គាល់អត្តសញ្ញាណម្នាក់នៅម្ដុំវាលខ្សាច់ រាជធានីភ្នំពេញ ក្នុងតម្លៃ១០ម៉ឺនរៀល ៕ ស្អាងជ័យ


ចែករំលែក៖