ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ដោយរងគ្រោះថ្នាក់ចរាចរ បង្កឡើង ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនហើយបាន ជែងក៏ជ្រុលកៀរម៉ូតូស្ត្រីរងគ្រោះ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កហេតុឈ្មោះ បឿន ខេន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ ។ ចំណែកសពស្ត្រីរងគ្រោះឈ្មោះ ហាង វៃ អាយុ២៧ឆ្នាំ បើកម៉ូតូម៉ាកកហុងដាវ៉េវ គ្មានស្លាកលេខ រស់នៅភូមិគោករវាង ឃុំគោករវាង ជើងព្រៃ ខេត្តកំពង់ចាម ។
សាក្សីឃើញហេតុការណ៍បាននិយាយឲ្យដឹងថា រថយន្តបង្កហេតុ និងម៉ូតូស្ត្រីរងគ្រោះធ្វើ ដំណើរលើផ្លូវកើតហេតុខាងលើ ក្នុងទិសដៅស្របគ្នា ។ សាក្សីបន្តថា ខណៈនោះគេឃើញ អ្នកបើករថយន្តបង្កហេតុ បើកក្នុងល្បឿនលឿន បានជែងក្នុងស្ថានភាពផ្លូវមិនអំណោយ ផល ក៏បានជ្រុលទៅកៀរម៉ូតូស្ត្រីរងគ្រោះនៅខាងមុខ បណ្តាលឲ្យដួលបែកក្បាលធ្លាយខួរ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរបានចុះមកពិនិត្យវាស់វែងតាមជំនាញ និងបាន សន្និដ្ឋានថា មូលហេតុគឺបណ្តាលមកពីអ្នកបើករថយន្តប្រើប្រាស់ល្បឿនលឿន ជែងខ្វះ ការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យទៅកៀរម៉ូតូស្ត្រីរងគ្រោះកំពុងបើកស្របទិសគ្នាយ៉ាង ដូច្នេះ ។
បច្ចុប្បន្ន មធ្យោយបាយធ្វើដំណើរទាំង២គ្រឿង និងអ្នកបើកបរបង្កហេតុ សមត្ថកិច្ចបាន ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕ វណ្ណៈ