ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះពាក្យសម្តីប្អូនថ្លៃទាញកំបិតក្រង៉ុកកាប់បងថ្លៃរងរបួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ ៖ ដោយសារតែជម្លោះពាក្យសម្តី ជនសង្ស័យដែលត្រូវជាប្អូនថ្លៃ បានយកកំបិតក្រង៉ុកកាប់បងថ្លៃបណ្តាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

លោកវរសេនីយ៍ទោ ផាន ផល អធិការនគរបាលស្រុកទ្រាំងបានឲ្យបានដឹងថា ជនសង្ស័យមានឈ្មោះ ស៊ីវ សុខ ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិតក្រង៉ុកកាប់ទៅលើជនរងគ្រោះឈ្មោះ ញើ ឃូន ភេទប្រុសអាយុ៤៨ឆ្នាំ(ត្រូវជាបងថ្លៃ)រស់នៅភូមិ ឃុំជាមួយគ្នា បណ្តាលឲ្យមានរងរបួសធ្ងន់ នៅក្រោមត្រចៀកស្តាំ ។

លោកបន្តរទៀតថា ដោយមុនពេលកើតហេតុជនសង្ស័យបានមុជទឹកពាងនៅផ្ទះម្តាយបង្កើត ក៏បានទាស់ពាក្យសម្តីជាមួយម្តាយរឿងមុជទឹក ឃើញដូច្នេះជនរងគ្រោះបានតមាត់ជាមួយជនសង្ស័យ បានយកដុំថ្មគប់ទៅលើជនសង្ស័យតែមិនត្រូវ ខណៈនោះជនសង្ស័យខឹងក៏ស្ទុះទៅយកកាំបិតក្រង៉ុកពីក្នុងផ្ទះមកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យ មានរបួសធ្ងន់មួយកន្លែងក្រោមត្រចៀកស្តាំ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងបានកាំបិត០១ដើម រឺឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជួនមកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងជំនាញកំពុងកសាងសំណុំរឿងបញ្ជួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមច្បាប់៕ ភ្នំដា


ចែករំលែក៖