ព័ត៌មានទាន់ហេតុការណ៍៖

ចូលម៉ាស្សាមួយភ្លែតបាត់លុយអស់៣០០ដុល្លារឈឺក្បាលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

​ភ្នំពេញ ៖ វាស្ទើរតែក្លាយជារឿងធម្មតាទៅហើយ ដែលកន្លែង​ម៉ាស្សា​ កោស​ជប់​​ភាគច្រើននៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ពេល​ភ្ញៀវ​ចូល​ម៉ាស្សា​ម្តង​ៗ​ តែងតែ​បាត់​លុយកាក់ ហើយមកប្តឹងសមត្ថកិច្ចបានត្រឹមតែចាប់បញ្ជូន ពេលខ្លះបានលុយពាក់កណ្តាលមកវិញ ។

ជាក់ស្តែង​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ បុរស​ម្នាក់​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ កាកាប១ អោយសមត្ថកិច្ចជួយអន្តរាគមន៍រឿង​បាត់​លុយចំនួន​៣០០​ដុល្លារ ពេលដែលរូបគាត់ចូលទៅម៉ាស្សាក្នុងហាងម៉ាស្សាមួយកន្លែងគ្មានស្លាកយីហោ ស្ថិតតាមបណ្តោយផ្លូវ ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រី២នាក់យកមកសាកសួរផងដែរ ។

បុរស​រង​គ្រោះ​ឈ្មោះ ប៉ុ​ល ច័ន្ទ​តារា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច​ស្រុក​មន្ទា​យ​មាស ខេត្តកំពត ចំណែក​ស្ត្រី​សង្ស័យ ១-​ឈ្មោះ ស កូ​ឡាប អាយុ​២០​ឆ្នាំ មុខរបរ​អ្នក​ម៉ាស្សា ស្នាក់​នៅ​ភូមិ​ត្រ​ពាំ​ល្វា​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ ហេង ធូ អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​ម៉ាស្សា ស្នាក់​នៅ​ភូមិ​ត្រ​ពាំ​ល្វា​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ពាក្យបណ្តឹង​បុរស​រង​គ្រោះ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ វេលា​ម៉ោង​៨យប់ រូប​គាត់​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ចេញពី​ចោម​ចៅ​ទៅ​ជួប​មិត្ត​ម្នាក់​ទៀត ប៉ុន្តែ​ដោយ​គាត់​មិនសូវ​ស្រួលខ្លួន ​ក៏​ចូល​ទៅ​ម៉ាស្សា តែ​គាត់​ចូល​តែ​ម្នាក់ឯង​ទេ ។ ពេល​ចូល​ទៅ​ដល់​ផ្ទះ​ម៉ាស្សា​កោស​ជប់​ស្ត្រី​ម្នាក់​ឲ្យ​គាត់​ចូល​បន្ទប់​នៅ​ជាន់​ទី​១ ហើយ​គាត់​ក៏​ដោះ​អាវ​ដាក់​ព្យួរ​នៅ​មាត់​បង្អួច ខណៈនោះ​ស្ត្រី​កោស​ជប់​បាន​ហុច​កន្សែងពោះគោ​ឲ្យ​គាត់​ស្លៀក​ឡើង​ដេក​លើ​គ្រែ ដើម្បី​ម៉ាស្សា​។ មួយសន្ទុះ​ធំ​មក​ ស្ត្រី​នោះ​ប្រាប់​ថា «​ចប់​ហើយ​» រួច​ក៏​ចុះ​មក​ក្រោម​បាត់ ហើយ​គាត់​បាន​លូក​មើល​លុយ​ក្នុង​ហោប៉ៅ​ខោ ស្រាប់តែ​បាត់​លុយ​អស់​៣០០​ដុល្លារ​រលីង ភ្លាម​ៗ​គាត់​ឡូឡា និងឲ្យ​យក​លុយ​ឲ្យ​គាត់​វិញ តែ​កន្លែង​ម៉ាស្សា​នោះ​ប្រកែក ទើប​គាត់​សម្រេចចិត្ត​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍ ដើម្បី​ជួយ​រក​ខុស​ត្រូវ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ភ្លាម​ សមត្ថកិច្ចបានទៅ​អញ្ជើញ​ម្ចាស់​ហាង​មក​កាន់​ប៉ុស្តិ៍ ដើម្បី​ឆ្លើយ​បំភ្លឺ ក្នុង​នោះ​ផង​ដែរ​ស្ត្រី​ម្នាក់​ឈ្មោះ ស កូ​ឡា សារភាព​ថា លុយ​របស់​ភ្ញៀវ​ខាងលើ គឺ​ស្ត្រី​ឈ្មោះ ហេង ធូ ជា​អ្នក​លួច​យក​របស់​ភ្ញៀវ ប៉ុន្តែ​ពេល​សមត្ថកិច្ច​សាកសួរ​​ស្ត្រី ហេង ធូ នេះ មិន​បាន​សារ​ភាព​​ឡើយ ។ សមត្ថកិច្ច​បន្ត​ថា ស្ត្រី ហេង ធូ នេះ ត្រូវ​សមត្ថកិច្ច​ចាប់​ឡើង​ភ្លេច​ទៅ​ហើយ​រឿង​ដដែល​ៗ​នេះ និង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​៣​ដង​មក​ហើយ ប៉ុន្តែ​មិន​ដែល​ជាប់​បាន​យូរ​ឡើយ ។

បច្ចុប្បន្ន​ស្ត្រី​ទាំង​២​នាក់​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៕ សុខាសែនជ័យ


ចែករំលែក៖