ព័ត៌មានទាន់ហេតុការណ៍៖

ខេលី និងប្អូនស្រីស្ពាយជោគជ័យពីបារាំង និងអូស្រ្តាលី

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីផ្អាកការងារក្នុងស្រុកមួយរយៈ ព្រោះតែការចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងប្រទេសបារាំងរួចមក តារាចម្រៀង បងប្អូន កញ្ញា រស់ ខេមារីន ហៅខេលី និងកញ្ញារស់ កែវធីតាហើយបានវិលមកកាន់ទឹកដីកំណើតវិញហើយ។ តារាស្រីទាំងពីរលើកឡើងថា ពួកនាងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសទាំងនោះផងដែរ។
កញ្ញា ខេលី បានវិលមកដល់ទឹកដីកំណើតកាលពីសប្តាហ៍មុន បន្ទាប់ពីនាងចំណាយពេលជាច្រើនខែច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ គ្រាដែលប្អូនស្រីនាងកញ្ញារស់ កែវធីតា ក៏វេចស្ពាយនូវភាពជោគជ័យនៃការច្រៀងរាំនៅលើទឹកដីនៃប្រទេសបារាំងផងដែរ។
តារាចម្រៀងប្រចាំផលិតកម្ម M រូបនេះចេញទៅច្រៀងនៅប្រទេសអូស្ត្រាលី ជាមួយសិល្បករ៣នាក់ផ្សេងទៀត មានលោកចាន់ សម័យ កញ្ញាឈន ចរិយា និងកញ្ញាសាយ សៀងហៃ ហៅស្រីសគឺ ត្រូវនឹងការប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌនៅទីនោះ។ គ្រាដែលប្អូនស្រីនាងគឺកញ្ញារស់កែវធីក៏បានចេញទៅសម្តែងលើទឹកដីនៃប្រទេសបារាំងជាមួយសិល្បករបីរូបផ្សេងទៀត គឺលោក មុត ឧត្តម លោករាម រ៉ាម៉ូ និងកញ្ញាហង់ ចាន់ណា។
កញ្ញា ខេលីប្រាប់ថា នេះគឺជាមោទនភាពខ្លាំងណាស់សម្រាប់នាង និងប្អូនស្រី ដែលត្រូវបានអ្នកផលិតកម្មវិធីនៅក្រៅប្រទេសផ្តល់ឱកាសសម្រាប់ពួកនាងជួបជុំ និងបង្កើតបរិយាកាសសប្បាយរីករាយហើយ ក៏ជាឱកាសស្វែងរកប្រាក់ចំណូលផងដែរ ហើយនាងថ្លែងអំណរគុណចំពោះអ្នកផលិតកម្មវិធី ដែលទទួលស្វាគមន៍នាង និងប្អូនស្រីយ៉ាងកក់ក្តៅ។ នាងបញ្ជាក់ដែរថា មានប្រជាជនខ្មែរជាច្រើនកកកុញចូលរួមទស្សនា និងរាំកម្សាន្តដែលជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់សិល្បករខ្មែរ។
ជាមួយគ្នានេះដែរ កញ្ញារស់ កែវធីតាវិញ រំពឹងដែរថា អ្នកផលិតកម្មវិធីនៅបណ្តាប្រទេសជាច្រើនទៀតដូចជាអាមេរិក កាណាដា ជាដើម នឹងផ្តល់ឱកាសដូចគ្នានេះសម្រាប់នាងនិងប្អូនស្រីបានចេញទៅសម្តែង និងច្រៀងរាំរូមគ្នា។ ក្រោយពេលវិលមកកាន់ប្រទេសកំណើតវិញនេះដែរ នាងនិងបងស្រីក៏គ្រោងនឹងចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនទៀត ពិសេសបទចម្រៀង Original Song ដើម្បីចម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកផងដែរ។
នាងថា អ្វីដែលនាងមិនអាចភ្លេចបានគឺអនុស្សាវរីយ៍ជាច្រើន និងទឹកចិត្តនៃការស្វាមគមន៍រាប់អានយ៉ាងកក់ក្តៅពីអ្នកផលិតកម្មនិងប្រជាជនខ្មែររស់នៅទីនោះ៕ វឌ្ឍនា

ចែករំលែក៖