ខេត្តតាកែវ៖ ដើមកញ្ឆាជិត៣ម៉ឺនដើម ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់បង្រ្កាប ដក និងកាប់បំផ្លាញចោល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៣០នាទី ស្ថិតនៅចំណុចខ្នងបន្ទាយចាស់, ចំណុចដាបែកថ្លាង និងចំណុចជ្រោះឃ្លី ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចនគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបានខេត្តតាកែវ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគរីវង់ បានបែងចែកកម្លាំងចុះបង្រ្កាបដំណាំកញ្ឆា ដែលជនខិលខួចលួចដាំក្នុងចម្ការ។
មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា សរុបដំណាំកញ្ឆាដែលកម្លាំងដកបំផ្លាញចោលមានចំនួន៨៣ទីតាំង ស្មើ២៨.១១៤ដើម និងអណ្តូងប្រស់ទឹកចំនួន៥២អណ្តូង។ ចំណែកម្ចាស់ចម្ការបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ ភ្នំដា