ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋធ្វើយុទ្ធនាការរើស សំរាមតាមដងផ្លូវសាធារណៈដើម្បីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ។
លោកស្រី ជា លាភ បានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិថ្ងៃទី២៣ ខែវិច្ចិកា ក្រោមប្រធានបទ (តោះនាំគ្នាសំអាតផ្ទះយើង) នាពេលនេះ ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ព្រមទាំងអាជីវករ ឲ្យចូលរួមចំណែកទាំងស្មារតី ទាំងសម្ភារ និងកម្លាំងចិត្ត កម្លាំងកាយ ក្នុងទិសដៅលុបបំបាត់ភាពកខ្វក់ គ្មានអនាម័យ គ្មានសំរាម គ្មានថង់ផ្លាស្ទិក គ្មានការកកស្ទះលូ ដើម្បីប្រែក្លាយ ខេត្តប៉ៃលិន ឲ្យស្អាតផូរផង់។ ទាំងនេះគឺដើម្បីចូល រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំខេត្ត កំពុងយកចិត្តទុកដាក់រៀបចំអនាម័យ សោភ័ណភាពទីក្រុងដូចជា តាមសួនច្បារ ទីប្រជុំជន តាមគេហដ្ឋាន និងហេដ្ឋារចនាសម័ន្ធនានាជាច្រើន គ្រប់ទីកន្លែងកម្សាន្ត គ្រប់រមណីដ្ឋាន ជាពិសេសតំបន់ជាប់ព្រំប្រទល់ដែនកម្ពុជា+ថៃ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ។
បើតាមរបាយការណ៍របស់លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា បរិមាណសំរាមនៅខេត្តប៉ៃលិនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែនៅ ក្នុងឆ្នាំ២០១៧ បរិមាណសំរាមមានប្រមាណ ៣០តោន ក្នុងមួយថ្ងៃៗ ហើយក្នុងនោះសំរាមដែលចាក់ក្នុងទីលានប្រមាណ ១៨,៥តោនហើយ បរិមាណសំរាមដែលប្រមូលដោយភ្នាក់ងារអេតចាយប្រមាណ៦តោន និងសំរ៉ាមចាក់ចោលខុសច្បាប់ប្រមាណ៦តោនដែលបញ្ហានេះធ្វើឲ្យពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ គួរឲ្យព្រួយបារម្ភទៅថ្ងៃអនាគត៕ ស សារ៉េត