នៅក្នុងតំបន់អភិរក្សផ្សោតចំណុចព្រែកកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងពេញបន្ទុកលោក សៀន គិន មេរដ្ឋបាលជលផលខេត្តក្រចេះ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរិះគន់ថា មេរដ្ឋបាលជលផលខេត្តក្រចេះគឺលោក សៀន គិន ជាអ្នកឃុបឃិតគ្នាឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះនៅក្នុងតំបន់អភិរក្សផ្សោតនិងត្រីមេពូជជាច្រើនកន្លែងក្នុងទន្លេមេគង្គនៃស្រុកចិត្របុរី កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងពេញបន្ទុក។
សេចក្ដីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាប្រជាសហគមន៍អភិរក្សផ្សោតព្រែកកាំពី បានឲ្យដឹងថា ផ្សោតនិងមេត្រីពូជកម្រក្នុងព្រែកកាំពីកំពុងប្រឈមនឹងសេចក្ដីវិនាសក្នុងពេលឆាប់ៗខាងមុខចៀសមិនផុតឡើយ។ ដោយហេតុថាក្នុងមួយយប់ៗជនល្មើសរាប់រយនាក់ដែលមានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរបានប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងអន្លង់អភិរក្សផ្សោត ហើយមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក និងមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកចិត្របុរី មិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ។ រហូតមកដល់បច្ចុប្បន្នមានអ្នកប្រព្រឹត្តបទល្មើសរាប់រយនាក់ប្រើឧបករណ៍ឆក់ក្ដៅឆក់ត្រជាក់បំផ្លាញធនធានមច្ឆជាតិក្នុងតំបន់អភិរក្សផ្សោតនិងមេត្រីពូជយ៉ាងរាលដាល ហើយមន្ត្រីរដ្ឋបាលជលផល ពោលគឺលោក សៀន គិន ត្រូវបានគេដឹងថា ជាអ្នកនៅពីក្រោយក្រុមជនល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងទៀតថាត្រីមេពូជកម្រដូចជា ត្រីក្អែក ត្រីព្រួល ត្រីឆ្កោកធំៗ កំពុងប្រឈមនឹងសេចក្ដីវិនាសហើយមានឈ្មួញទៅចាំទទួលទិញពីក្រុមជនល្មើសដែលប្រើឧបករណ៍ខុសច្បាប់យ៉ាងគឃ្លើន។ នៅក្នុងតំបន់អភិរក្សផ្សោតនិងអភិរក្សមេព្រៃពូជជាច្រើនកន្លែងត្រូវក្រុមជនល្មើសប្រើឧបករណ៍ឆក់ក្ដៅឆក់ត្រជាក់ចាប់ត្រីយ៉ាងពេញបន្ទុក ហើយមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកចិត្របុរី ធ្វើជាមើលមិនឃើញដែលជាហេតុធ្វើឲ្យធនធានមច្ឆជាតិត្រូវប្រឈមនឹងសេចក្ដីវិនាស។ ប្រជាពលរដ្ឋក្នុងឃុំសំបុក ស្រុកចិត្របុរី បានឲ្យដឹងថាក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាច្រើននាក់ ត្រូវបានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធស្គាល់អត្តសញ្ញាណយ៉ាងច្បាស់ ប៉ុន្តែគេមិនទាន់ចាត់វិធានការបង្ក្រាបក្រុមជនល្មើសទាំងអស់នោះនៅឡើយទេ ដោយសារតែពួកគេមានជាប់ពាក់ព័ន្ធផលប្រយោជន៍ ៕