ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់និងដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ ខណៈដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើ ធ្វើឡើងនៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ស្រស់ ពេជ្រនី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ មានទីលំនៅភូមិព្រៃពេលឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុងតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៧កញ្ចប់ (តូច៣កញ្ចប់ ,មធ្យម១២កញ្ចប់ និងធំ២កញ្ចប់) ,ទូរស័ព្ទដៃ២គ្រឿងនិងឧបករណ៍សម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យឈ្មោះ ស្រស់ ពេជ្រនី កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងផ្ទះ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ដោយបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងម្កាក់ ចុះបង្រ្កាបឆែកឆេរផ្ទះជនសង្ស័យបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៧កញ្ចប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ថ្នាំញៀនខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីជនមិនស្គាល់អត្ដសញ្ញាណម្នាក់ យកមកលក់ឲ្យដល់ផ្ទះតែម្ដង ដោយទិញម្តង ក្នុងតម្លៃ២០ម៉ឺនរៀល ដើម្បីយកទៅលក់បន្ត ៕ ស្អាងជ័យ