ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកចូលរោងចក្រមិនប្រយ័ត្នជ្រុលកិនបុរសម្នាក់ស្លាប់ក្រោមកង់រថយន្ត

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅខាងក្រោមរថយន្តកុងតឺន័រយ៉ាងអាណោចអាធ័ម ខណៈរថយន្តបើកចូលរោងចក្រមិនប្រយ័ត្ន បង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខរោងចក្រក្តាបន្ទះ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះប៊ិច បុល ភេទប្រុស អាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែឯអ្នកបើកបររថយន្តក្រោយពីបុកម៉ូតូជនរងគ្រោះរួចបានរត់ចូលក្នុងរោងចក្របាត់។

សាក្សីបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1L.6190 បើកបរលឿនគួរសម ក្នុងទិសដៅពីកើតទៅលិច ពេលដែលមកដល់ចំណុចកើហេតុខាងលើ ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C.3620 ទិសដៅពីលិចមកកើត បានបត់ចូលរោងចក្រក្តាបន្ទះខាងលើ ភ្លាមនោះធ្វើឲ្យម៉ូតូជនរងគ្រោះចាប់ហ្រ្វាំងមិនជាប់ដួលហើយ ត្រូវរថយន្ត កិនជនរងគ្រោះចំពាក់កណ្តាលទ្រូង និងក្បាលជាប់ក្រោមកង់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋ និងសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគបាលស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយរង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានទាក់ទងសាច់ញាតិឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖