ព័ត៌មានទាន់ហេតុការណ៍៖

ឃើញក្មេងកំពុងចុចអាយផេត ឆ្លៀតឱកាសលួចបានសម្រេច ត្រូវម្តាយក្មេងទាន់ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានឡើងទៅពួនសម្ងំនៅលើរ៉តផ្ទះជនរងគ្រោះ រួចឆ្លៀតឱកាសលួចអាយផេតពីក្មេងបានសម្រេច ហើយត្រូវម្តាយក្មេងឃើញទាន់ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកព្នៅតែម្តង។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ពៅ ស៊ីវិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ មាស សុភ័ក្ត្រ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារៈដក់ហូត: អាយផេតមីនីចំនួន1គ្រឿង។

មន្រ្តីដដែល បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានយកអាយផេតឲ្យកូនគាត់ចុចលេងក្នុងបន្ទប់លើផ្ទះ ក្រោយមកជនរងគ្រោះបានចុះមកយកអីវ៉ាន់នៅក្រោមផ្ទះ លុះពេលឡើងដល់លើផ្ទះវិញ ស្រាប់តែមិនឃើញកូនកាន់អាយផេតចុចលេង ក៏ដើររក ភ្លាមនោះឃើញជនសង្ស័យពួនសម្ងំនៅលើរ៉តផ្ទះ ក្រោយមកជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ច ហើយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅ ចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ និងកសាងឯកសារបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ចាន់ធឿន


ចែករំលែក៖