ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករដែលកំពុងលក់ទំនិញគ្រប់ប្រភេទនៅផ្សាររាត្រីផ្ទុះការតវ៉ាសារជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមអាជីវករដែលកំពុងលក់ទំនិញគ្រប់ប្រភេទនៅផ្សាររាត្រីរាជធានីភ្នំពេញ បានផ្ទុះការតវ៉ាសារជាថ្មីទៀត ខណៈដែលប្រធានផ្សារ តម្រូវឲ្យពួកគាត់ត្រូវតែប្តូរទំហំឡាំងដាក់ឥវ៉ាន់​របស់គាត់មានទំហំចាស់ ដែលមាន ស្រាប់តែប្តូរមកទំហំតូចជាងមុន ដែលមិនអាចទទួលយកបាននោះ ។

ក្រុមអាជីវករផ្សាររាត្រីភ្នំពេញ ខណៈដែលផ្ទុះការតវានោះបានឲ្យដឹងថាសព្វថ្ងៃនេះ ពួកគាត់ដែលកំពុងប្រកបរបរលក់ដូរនៅផ្សាររាត្រីនេះមានប្រហែលជាង២០០តូបឯណ្ណោះ ហើយការលក់ដូរសព្វថ្ងៃនេះ គឺពួកគាត់គោរព តាមគោលការណ៍ របស់ក្រុមហ៊ុនជានិច្ចដូចជាខាងក្រុមហ៊ុន បានតម្រូវឲ្យអាជីវករលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ល្អ កុំឲ្យរញ៉េរញ៉ៃ នោះអាជីវកធ្វើបាន បន្ទាប់មកទៀតក្រុមហ៊ុនតម្រូវឲ្យដាក់អំពូលភ្លើងនិងជាពិសេសទៀតនោះ នៅផ្សារនេះ កាលពីមុនខាងក្រុមហ៊ុនតម្រូវឲ្យលក់តែ៣ថ្ងៃ ប៉ុណ្ណោះ បន្ទាប់មកទៀត លក់៥ថ្ងៃ ហើយមកទល់បច្ចុប្បន្ននេះ គឺលក់រហូតដល់៧ថ្ងៃឯណោះ ហើយការលក់នោះដែរ ក៏ចេះតែឡើងថ្លៃផងដែរ តែអាជីវករអាចទទួលយកបាន ។

ក្រុមអាជីវករបានបន្តទៀតថាកាលពីប្រហែល១០ថ្ងៃ មុនខាងតំណាងក្រុមហ៊ុនផ្សាររាត្រីនេះបានជូនដំណឹងឲ្យអាជីវករទាំងអស់ត្រូវតែផ្លាស់ប្តូរនូវទំហំឡាំងដាក់ឥវ៉ាន់ទាំងអស់គ្នាពីទំហំចាស់មកទំហំថ្មីវិញដែលមានរៀងតូវជាងមុនខ្លាំងណាស់មិនអាចទទួលតាមសំណូមពររបស់គាត់ឡើយជាក់ស្តែងកាលព្រលប់ថ្ងៃទី២៧ខែវិច្ឆិកានេះខាងតំណាងក្រុមហ៊ុនបានយកគំរូឡាំងដាក់ឥវ៉ាន់នោះមកឲ្យអាជីវករត្រូវតែធ្វើតាមគំរូនោះក៏មានការទាស់ទែងប្រទាញប្រទង់ជាមួយអាជីវករផងដែរ។

អាជីវករបញ្ជាក់ទៀតថាដោយការមិនអាទទួលយកបាននោះទើបពួកគាត់ទាំងអស់គ្នាបានសម្រេចលើកគ្នានៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះធ្វើលិខិតរួមមួយដើម្បីជម្រាបជូលោកអគ្គនាយផ្សាររាត្រីមេត្តាជ្រាបថាពួកគាត់ទាំងអស់គ្នាដែលប្រកបរបរលក់ដូរនៅទីនេះគឺបានតាំងលក់មុខទំនិញរៀងៗខ្លួនហើយអាជីវករខ្លះមានឥវ៉ាន់តិចឬច្រើនទៅតាមមុខរបររបស់ខ្លួនហើយទំហំឡាំងធំឬតូចវាទៅតាមឥវ៉ាន់ដែលមានស្រាប់កំពុងតាំងលក់ក្នុងស្តង់នីមួយៗហើយទំហំឡាំងដែលក្រុមហ៊ុនផ្សាររាត្រីរាជធានីភ្នំពេញបានកំណត់ត្រឹមត្រូវ ទទឹង០,៥៥ម៉ែត្រ បណ្តោយ១ម៉ែត្រ កំពស់០,៥៥ម៉ែត្រឬតូចជាងនេះវាមិនអាចដាក់ឥវ៉ាន់របស់បងប្អូនអាជីវករយើងទាំងអស់នោះឡើយហើយបើកាត់តាមទំហំខាងលើ នោះអាជីវករទាំងអស់ត្រូវប្រើប្រាស់ចំនួនឡាំងច្រើននិងចំណាយថវិកាទៅលើការកាត់ឡាំងថែមទៀតផង។ម្យ៉ាងវិញទៀតសព្វថ្ងៃនេះការលក់ដូររបស់បងប្អូនអាជីវករក៏មានស្ថានភាពធ្លាក់ចុះផងដែរ។

អាជីវករទាំងអស់បញ្ជាក់ថាអីចឹងពួកគាត់សូមលោកអគ្គនាយកផ្សារមេត្តារក្សាទំហំឡាំងដែលកំពុងមានប្រើប្រាស់សព្វថ្ងៃនេះចុះ។

ជាមួយនឹងការផ្ទុះការតវានោះដែរលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញកាលពីព្រឹកនោះដែរបានចុះទៅដល់ចំពោះមុខបងប្អូនអាជីវករផ្សាររាត្រីក្នុងនោះលោកអភិបាលបានស្តាប់ពីការសំណូមពររបស់បងប្អូនអាជីវករដែលសំណូមឲ្យលោកអភិបាលខណ្ឌជួយអត្តរាគមន៍នោះដែរលោកអភិបាលខណ្ឌក៏បានអញ្ជើញបងប្អូនអាជីវករទាំងអស់នោះទៅសាលាខណ្ឌដូនពេញដើម្បបើកកិច្ចប្រជុំពិភាក្សាបន្ទាន់ជាមួយបងប្អូនអាជីវករដើម្បីរកដំណោះស្រាយជូនពួកគាត់ផងដែរ។

ក្នុងកិច្ចប្រជុំសម្របសម្រួលរវាងអាជីវករផ្សាររាត្រីចំនួន១១៥នាក់​ តំណាងអោយម្ចាស់តូបចំនួន២១០តូប​ ក្នុងផ្សារ​រាត្រី និង​ អគ្គនាយកក្រុមហ៊ុនផ្សាររាត្រី​ ព្រមទាំងមានការចូលរួមពីលោកអភិបាលរង​ លោកស្រីអធិការរងខណ្ឌ​ លោកមេបញ្ជាការរងខណ្ឌ​ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទទាំងអស់​ ។ ចំពោះបញ្ហារបស់អាជីវករដែលលើកឡើងក៏ដូចជាដំណោះស្រាយនិងការឆ្លើយតបរួមមានៈ

១.បញ្ហាទំហំឃ្លុបដាក់ឥវ៉ាន់​ គឺសុំអោយរក្សានៅដដែលរហូតទាល់តែមានការឯកភាព​ និងសម្រេចសារជាថ្មីពីសាលារាជធានីទើបអាចអនុវត្តបាន

២.បញ្ហាកំណត់ថ្លៃផ្ទេរឈ្មោះអ្នកជួលតូប​ សុំអោយខាងក្រុមធ្វើតារាងកំណត់តម្លៃអោយបានត្រឹមត្រូវច្បាស់លាស់តាមសៀវភៅបន្ទុករបស់សាលារាជធានី​ និងបែងចែកទៅតាមប្រភេទមុខទំនិញអោយបានត្រឹមត្រូវ

៣.បញ្ហាតម្លៃជួលតូប​ ត្រូវអនុវត្តតាមគោលការណ៏​ ដែលបានឯកភាពគ្នាពីមុន​ និងស្របតាមសៀវភៅបន្ទុកដែលបានកំណត់

៤.បញ្ហាដាក់អំពូលភ្លើង​ ជាការចង់បានរបស់អាជីវករក៏ដូចជាសាលារាជធានីភ្នំពេញ​ ប្រសិនជាក្រុមហ៊ុនអាចមានលទ្ធភាពបន្ថែមអំពូលចំនួន​ ០១ទៀតជាការល្អប្រសើរ​ សូមក្រុមហ៊ុនធ្វើការពិនិត្យនិងសម្រេច

៥.បញ្ហាឥរិយាបទរបស់បុគ្គលិកផ្សាររាត្រី​ សូមអោយខាងក្រុមហ៊ុនធ្វើការពិនិត្យ​ និងណែនាំធ្វើកិច្ចសន្យាទៅលើបុគ្គលិករបស់ខ្លួន​អោយបានម៉ឺងម៉ាត់ ព្រមទាំងធានាអោយបានកុំអោយមានបញ្ហានឹងកើតឡើងទៀត

៦.បញ្ហាថ្លៃតូបក្នុងឱកាសបុណ្យទានដូចជាបុណ្យអុំទូក​ គឺសូមអោយខាងក្រុមហ៊ុនធ្វើសំណើរមកសាលារាជធានីភ្នំពេញ​ ដើម្បីពិនិត្យ​ និងសម្រេចដោយមានការឯកភាពគ្នារវាងតំណាងក្រុមហ៊ុន​ និងអាជីវករ​ជាមុនសិន

៧.បញ្ហាសុំបញ្ចុះតម្លៃជួលតូបពេលមេឃភ្លៀង​ គឺសុំអោយធ្វើការអនុវត្តតាមអ្វីដែលធ្លាប់បានអនុវត្តពីមុន​ និងស្របតាមសៀវភៅបន្ទុកដែលបានឯកភាពគ្នា

៨.បញ្ហាផ្ទេរសិទ្ធឈ្មោះអ្នកជួលតូប​ គឺសុំអោយខាងក្រុមហ៊ុនធ្វើការផ្ទេរដាក់ឈ្មោះជាអ្នកជួលលក់ចុងក្រោយដើម្បីអោយបងប្អូនអាជីវករមានភាពជឿជាក់និងទុកចិត្ត

៩.សំណើរបស់ក្រុមហ៊ុនគឺសុំកែសម្រួលប្លង់តូបលក់ដូរ​ ជាការឆ្លើយតបសុំអោយខាងក្រុមហ៊ុនផ្ញើគម្រោង​ និងប្លង់បច្ចេកទេស អោយបានត្រឹមត្រូវមកសាលារាជធានីភ្នំពេញ​ ដើម្បីធ្វើការពិនិត្យ

១០.​ ចំពោះការលក់ដូរគ្រឿងបរិភោគសុំអោយអាជីវករធ្វើការញែក​ និងវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ​ និងសល់ពីនឹងគឺសុំអោយខាងក្រុមហ៊ុនជាអ្នកលាងសម្អាតអោយបានស្អាត​ ព្រោះវាជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន​ ។ ជាចុងបញ្ចប់លោកអភិបាលក៏បានសុំអោយអាជីវករ​ និងខាងក្រុមហ៊ុនរួមសហការគ្នាដោយឈរលើស្មារតីរីករាយ​ យោគយល់​ អធ្យាស្រ័យគ្នា​ ដើម្បីផលប្រយោជន៏រាងៗខ្លួន​ ផងដែរ៕ ស តារា


ចែករំលែក៖