ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ២១និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ ក្រោមការបញ្ជាណែនាំផ្ទាល់ គ្រប់ដំណាក់កាល នៃការស៊ើបអង្កេត ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការ នគរបាលខេត្ត ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីស្ថាប័នព្រះរាជអាជ្ញា បានឆែកឆេរលំនៅឋានជនបរទេសជួលមួយកន្លែង ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្ចាស់ឈ្មោះVasilyeva valiya ភេទស្រីជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ711888270 ។
ក្រោយពេលឆែកឆេរ បានរកឃើញថ្នាំញៀន កូកាអ៊ីនចំនួន១៦កញ្ចប់ធំ, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង លិខិតឆ្លងដែន៧ច្បាប់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នមុខសញ្ញាពាក់ព័ន្ធ និងវត្ថុតាងបានឃាត់ទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
គួរបញ្ជាក់ផងដែរថា៖ កន្លងមកនេះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង ទាំងយប់ ទាំងថ្ងៃ បង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់៕ ឆ្លាម សមុទ្រ