ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញ ឲ្យជំនាញ ពាក់ព័ន្ធក្រោឱវាទ រួមជាមួយ និងរដ្ឋបាលរាជធានីត្រូវចុះ ត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពចំពោះការបោះ បង្គោលកំណត់ព្រំ ក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកស្ថិត ក្នុងភូមិសាស្ត្រខណ្ឌមានជ័យនិងខណ្ឌដង្កោ និងខេត្ដកណ្ដាល ឱ្យបានច្បាស់លាស់ជាមួយក្រុមហ៊ុន ពាក់ព័ន្ធដែលបានគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ទាំងពីរខាងលើឲ្យមានប្រសិទ្ធភាព ។
លោក បានបញ្ជាក់បែបនេះ ខណៈលោកកោះប្រជុំជាមួយ មន្ដ្រីជំនាញ ពាក់ព័ន្ធ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧នៅសាលារាជធានីភ្នំពេញ ។
លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ក្នុងអង្គប្រជុំខាងលើលោកអភិបាលរាជធានីភ្នំពេញ និងជាប្រធានអង្គប្រជុំបានជំរុញឱ្យក្រុមមន្រ្តីជំនាញត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍កិច្ចការបោះបង្គោលឱ្យមានប្រសិទ្ធភាព និងត្រូវកំណត់ព្រំប្រទល់និងអាងស្ដុកទឹកបឹងទំពុន និងបឹងជើងឯកទុកជាសម្បត្តិរដ្ឋ។អ្នកនាំពាក្យបានបន្តថា៖ក្នុងការងារនោះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់ជំនញក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ជាពិសេសខាងក្រុមហ៊ុនវិនិយោគនិងអ្នកដែល មានកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ខាងលើមុនពេលដែលត្រូវធ្វើការសាងសង់ដូចជារៀបចំជាគម្រោងអភិវឌ្ឍន៍ឬក៏ជាសំណង់ផ្សេងៗនោះត្រូវគោរពឱ្យបានទៅតាមប្លង់គោលដែលបានឯកភាពគ្នានិងផ្ដល់ជូនរួចមកហើយសំដៅធ្វើយ៉ាងកុំឱ្យធ្វើការសាងសង់កុំឱ្យខុសអំពីប្លង់គោលនេះឈានទៅដលមានបញ្ហាដល់ថ្ងៃមុខ៕ សំរិត