ភ្នំពេញ ៖កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួន ស្ត្រីជាគ្រូមន្តអាគមអូមអាមនិងជាអ្នកស្នងរូបលោកយាយម៉ៅម្នាក់ រួមទាំងប្តីផងបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះថាអ្នកទាំង២នាក់បានរៀបចំគម្រោងឆបោកតាមរយៈធ្វើមន្តអាគម និងញុះញង់យកប្រាក់ពីអ្នករកស៊ីលក់ផ្ទះល្វែងបានប្រាក់ប្រមាណជិត១លានដុល្លារ ព្រមទាំងរៀបចំគម្រោងបោកយកដីផ្ទះ និងក្រុមហ៊ុន សាងសង់បុរី ដែលមានតម្លៃប្រមាណ៥លានដុល្លារទៀតធ្វើឲ្យ ជនរងគ្រោះដឹងខ្លួនទាន់ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង ។
សមត្ថកិច្ចឃាត់ខ្លួនគ្រូបោកពីរនាក់ប្តី-ប្រពន្ធនេះ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៨ វិច្ឆិកាឆ្នាំ២០១៧ នៅភូមិគ្រឹះលេខ០៦ ផ្លូវ Q០១ បុរីមួយ ស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនមាន ឈ្មោះសុន ឆ័យ អាយុ៤៤ឆ្នាំ (ជាប្តី) និងប្រពន្ធដែលជាគ្រូទាយធ្វើមន្តអាគមស្នងរូបយាយម៉ៅ ឈ្មោះលី ម៉ាណា ហៅលី ហ្គិចហៀក អាយុ២៦រស់នៅក្នុងភូមិគ្រឹះ ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យបោកនោះឈ្មោះ អាំង គីហេង ភេទប្រុស អាយុ៤៦ឆ្នាំ ជាពាណិជ្ជករ មានប្រពន្ធឈ្មោះទិត្យ ផល្លា អាយុ៣៣ឆ្នាំ ជាពាណិជ្ជករ មានលំនៅភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ អាំង គីហេង បានឱ្យដឹងថា គាត់និងក្រុមគ្រួសារបានស្គាល់ឈ្មោះលី ម៉ាណា ហៅលី ហ្គិចហៀក ដែលជាគ្រូទាយតាំងពីឆ្នាំ២០១៥ មកម្ល៉េះដោយឈ្មោះនេះបានលួងលោម អូសទាញគាត់ឲ្យធ្វើកិច្ច ដើម្បីលើករាសីសុំស្រណុកសុខសប្បាយនិងរកស៊ីមានបានជារៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ និងរាល់សប្តាហ៍ មិនដែលខានឡើយ ។
ជំនឿនេះជនរងគ្រោះបានធ្វើចាប់តាំងពីខែមករា ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះដោយ គ្រូបានតម្រូវឱ្យដាក់តដង្វាយមានក្រដាសប្រាក់២០ដុល្លារ ចំនួន៣២សន្លឹកស្មើ៤៤០ដុល្លារ , ស្ករគ្រាប់៣២កំប៉ុង និងផ្លែឈើតម្លៃ១៣៥ដុល្លារ ព្រមទាំងស្លាម្លូ ចំនួន១២ដុល្លារ ដែលសរុបក្នុងមូយលើកអស់ចំនួន ៨១១ដុល្លារ ហើយបើគិតក្នុងមួយសប្តាហ៍អស់ចំនួន ២៤៣៣ដុល្លារ ព្រមទាំងនាំដើរលេងនៅក្រៅប្រទេសជាញឹកញាប់ទៀតផង ។ លុះពេលដាក់ដង្វាយយូរៗទៅមិនឃើញមានលទ្ធផលល្អ កាន់តែក្រ និងមិនឃើញមានការរីកចម្រើនក្នុងគ្រួសារ ក្រៅពីយកលុយដាក់ដង្វាយមួយសប្តហ៍ចំនួន២៤៣៣ដុល្លារជូនគ្រូមន្តអាគម ជាពិសេសយល់ឃើញថា កាន់តែចាញ់បោកជនសង្ស័យពីរនាក់ប្តីប្រពន្ធជ្រៅទៅៗ ទើប ជនរងគ្រោះសម្រេចដាក់ពាក្យឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តែម្តងទៅ ។
បច្ចុប្បន្នជនឆបោកពីរនាក់ប្តីប្រពន្ធនេះ កំពុងត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសាកសួរ និង ចាត់ការតាមនីតិវិធី ៕ ស តារា