ភ្នំពេញ៖ ប្រភពព័ត៌មាន បញ្ជាក់ថា កញ្ញា នី មុន្នីនាថ តារាសម្ដែងល្បីល្បាញមួយរូប នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា នេះ គេចវេះពុំចូលបំភ្លឺចំពោះមុខលោក អ៊ុក វណ្ណារិទ្ធ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទេ ពាក់ព័ន្ធនឹងបណ្តឹងទាមទារប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ពីសំណាក់អតីតគូដណ្ដឹង ។
ប្រភពព័ត៌មានបញ្ជាក់ថា ទោះបីកញ្ញា នី មុន្នីនាថ គេចវេះ ពុំចូលបំភ្លឺ តែលោកមេធាវី រ៉ូ ប៊ីនណៃ ចូលបំភ្លឺជំនួស ។ ករណីនេះ ចៅក្រម នឹងឱ្យដើមចោទនិងចុងចម្លើយ ដាក់ភស្តុតាងជុំវិញករណីនេះ។
អតីតគូដណ្តឹងតារាសម្តែង នី មុន្នីនាថ គឺ លោកអ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងប្រាក់ចំនួន៧ម៉ឺនដុល្លារ និង ប្រាក់ជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា ។
លោកអ៊ឹង សូឡាងបានចាត់ទុកនី មុន្នីនាថថាបោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នាដោយនៅក្នុងនោះលោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ ។
ពាក្យបណ្តឹងដែលចុះហត្ថលេខាដោយមេធាវីរបស់លោកអ៊ឹង សូឡាងកាលពីចុងខែកញ្ញាឲ្យដឹងទៀតថា”មូលហេតុនៃការទាមទារពីដើមចោទ (អ៊ឹង សូឡាង)គឺដោយសារការ ដែលបានស្គាល់គ្នា និងស្រឡាញ់គ្នាជាមួយចុងចម្លើយ (នី មុន្នីនាថ) នៅឆ្នាំ២០១៤ ដោយព្រមព្រៀងដោយច្បាស់លាស់ថា នឹងយកគ្នាជាប្តីប្រពន្ធនៅថ្ងៃអនាគត ទើបដើមចោទបានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្តាយទាំងសងខាងយ៉ាងត្រឹមត្រូវ។
នៅថ្ងៃភ្ជាប់ពាក្យភាគីចុងចម្លើយបានទាមទារបំពាក់ជូនចុងចម្លើយនូវគ្រឿងអលង្ការដូចជាខ្សែ.កពេជ្រ,ចិញ្ចៀនពេជ្រនិងក្រវិលពេជ្រមានតម្លៃ៣ម៉ឺន៧ពាន់ដុល្លារ។ម្យ៉ាងទៀតដោយសារដើមចោទជាអាណិកជនរស់នៅសហរដ្ឋអាមេរិក ដើមចោទខិតខំព្យាយាមបំពេញបែបបទធានាយកចុងចម្លើយទៅរស់នៅសហរដ្ឋអាមេរិក ។
ប៉ុន្តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីចុងចម្លើយបានទទួលវីសាឱ្យទៅអាមេរិក បែរជាមិនទៅថែមទាំងលប់ចោលការភ្ជាប់ពាក្យរវាងដើមចោទថែមទៀតផង ដោយលើកហេតុផលថា ដើមចោទមិនចេះប្រើពាក្យផ្អែមជាមួយចុងចម្លើយ ដែលជាមូលហេតុមិនត្រឹមត្រូវនោះទេ”។
យោងតាមពាក្យបណ្តឹងនេះរបស់លោកអ៊ឹង សូឡាង បញ្ជាក់ថា លោកបានស្នើសុំតុលាការបង្គាប់ឱ្យនី មុន្នីនាថ សងប្រាក់ចំនួន៧ម៉ឺនដុល្លារ និងប្រាក់សងជំងឺចិត្តមកលោកចំនួន៥ម៉ឺនដុល្លារបន្ថែមទៀត ៕ ចេស្តា