រាជធានីភ្នំពេញ ថ្ងៃទី ២៩ វិច្ឆិកា ២០១៧ ៖ ណាហ្គាវើលដ៍ នឹងចាប់ដំណើការ “ការប្រកួតប្រជែងសាលារៀនស្អាត” ចាប់ផ្តើមពីថ្ងៃទី ១ ធ្នូ ដែលមានការចូលរួមពីវិទ្យាល័យរដ្ឋប្រមាណ ៣០ ក្នុងរាជធានីភ្នំពេញដែលនឹងប្រកួតគ្នាដើម្បីឈ្នះរង្វាន់ប្រចាំខែរហូតដល់ ៣០០ ដុល្លារអាមេរិក។ ប្រាក់រង្វាន់ដែលឈ្នះនេះ នឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារសិក្សា និងអភិវឌ្ឍសាលារៀន។
ការប្រកួតប្រជែងដែលមានរយៈពេលមួយឆ្នាំសិក្សាដែលគាំទ្រដោយនាយកដ្ឋានសុខភាពសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអនាម័យក្នុងចំណោមសិស្សានុសិស្សដើម្បីជីវិត និងសុខភាពកាន់តែប្រពៃ។
នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “កុមារកម្ពុជានឹងទៅសិក្សារៀនសូត្រនៅតាមសាលារៀន។ សាលារៀន គឺជាថ្នាលបណ្តុះ និងអភិវឌ្ឍអនាគតអ្នកដឹកនាំ។ រៀងរាល់ថ្ងៃ សិស្សានុសិស្សទាំងនោះនឹងចំណាយពេលរៀន លេងកីឡា និងទំនាក់ទំនងគ្នានៅក្នុងបរិយាកាសមួយ ហើយប្រសិនបើបរិយាកាសនោះស្អាត វានឹងជះឥទ្ធិពលល្អទៅលើអនាគតរបស់ពួកគេតាមនោះដែរ”។
គាត់បានបន្ថែមថា “ យើងបង្កើតការប្រកួតប្រជែងសាលារៀនស្អាតដែលមានការគាំទ្រពីនាយកដ្ឋានសុខភាពសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះឡើង គឺដើម្បីអប់រំសិស្សានុសិស្សឲ្យយល់ពីសារសំខាន់នៃការថែទាំសាលារៀនឲ្យបានស្អាត។ ប្រហែលជាមានសំណួរចោទសួរថា “ហេតុអ្វីចាំបាច់ត្រូវថែទាំសាលារៀនឲ្យបានស្អាត?” សាលារៀនស្អាត មានន័យថាបរិស្ថានសិក្សាកាន់តែប្រពៃ។ សាលារៀនស្អាត មានន័យថាសិស្សអវត្តមានតិចជាងមុន និងសិស្សឈឺតិចជាងមុន។សាលារៀនស្អាត មានន័យថា សហគមន៍កាន់តែមានសុខភាពល្អ។
“យើងសង្ឃឹមថា ការប្រកួតប្រជែងនេះនឹងជួយលើកកម្ពស់សិស្សានុសិស្សឲ្យមានមោទនភាពក្នុងការថែទាំសាលារៀនរបស់ពួកគេឲ្យមានអនាម័យ។ នៅពេលដែលពួកគេមានមោទនភាពទៅលើអនាម័យ នោះពួកគេនឹងមានទម្លាប់រក្សាអនាម័យល្អ។ ហើយវានឹងនាំឲ្យទីក្រុង និងប្រទេសជាតិកាន់តែប្រពៃផងដែរ”។
ក្រុមវាយតម្លៃរបស់យើង មានបុគ្គលិកនៃក្រុមការងារសង្គមរបស់ណាហ្គាវើលដ៍ និងបុគ្គលិកស័្មគ្រចិត្តនៃក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរសដែលពួកគេនឹងធ្វើដំណើរទៅកាន់សាលារៀននីមួយៗរៀងរាល់ខែដើម្បីវាយតម្លៃទៅលើកម្រិតស្អាត និងកម្រិតអនាម័យរបស់សាលារៀននីមួយៗ។ លក្ខណៈវិនិច្ឆ័យ រួមមានភាពស្អាត និងអនាម័យក្នុងទីធ្លាសាលារៀន ថ្នាក់រៀន និងបន្ទប់ទឹក ជាដើម។
សាលារៀនពីរដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវប្រកាសដែលលេខមួយទទួលបាន ៣០០ ដុល្លារអាមេរិកជាមួយនឹងពានរង្វាន់មួយ ចំណែកលេខពីរទទួលបាន ២០០ ដុល្លារអាមេរិក។ ទឹកប្រាក់រង្វាន់បន្ថែមពិសេសចំនួន ១០០ ដុល្លារអាមេរិក នឹងត្រូវប្រគល់ដល់សាលារៀនណាដែលទទួលបានលេខមួយចំនួនបីខែជាប់ៗគ្នា។
ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ក្នុងឱកាសបើកបវេសនកាល
ណាហ្គាវើលដ៍ បាន និងកំពុងដំណើរការយុទ្ធនាការរៃអង្គាសប្រាក់ដែលស្ម័គ្រចិត្តឧបត្ថម្ភដោយបុគ្គលិករបស់ខ្លួនចាប់តាំងពីខែកញ្ញា ២០១៧ ដើម្បីឧបត្ថម្ភដល់សិស្សានុសិស្សក្នុងឱកាសបើកបវេសនកាល។ ទឹកប្រាក់សរុបដែលបានរៃអង្គាស នឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារសិក្សាដល់សិស្សានុសិស្សថ្នាក់ទី ៩ ក្នុងរាជធានីភ្នំពេញ ដូចជាឯកសណ្ឋាន សៀវភៅ និងសម្ភារសិក្សាផ្សេងទៀតដើម្បីជួយកាត់បន្ថយ និងសម្រាលបន្ទុករបស់មាតាបិតា និងអាណាព្យាបាលសិស្សដែលមានជីវភាពខ្វះខាត។
ណាហ្គាវើលដ៍បេះដូងសប្បុរស
ចាប់តាំងពីបង្កើតឡើងអស់រយៈពេលជាង ២២ ឆ្នាំកន្លងទៅនេះ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលចង់ស្ម័គ្រចិត្តចុះជួយសង្គមជាប្រជាពលរដ្ឋគំរូ។ គំនិតផ្តួចផ្តើមនេះ ដោយមានការគាំទ្ររបស់ក្រុមហ៊ុន
ណាហ្គាវើលដ៍ មានគោលបំណងជួយអភិវឌ្ឍ និងលើកកម្ពស់បរិស្ថាន វិស័យអប់រំ និងកីឡាសម្រាប់ប្រជាជនកម្ពុជាដែលជួបការលំបាក។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ១២០.០០០ នាក់បានទទួលផលប្រយោជន៍ពីណាហ្គាវើលដ៍បេះដូងសប្បុរស។
អំពីណាហ្គាវើលដ៍
ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញទំនិញ និងលម្ហែនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក!
ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨) ។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប រួមមានសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និបាតធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់ និងសាលមហោស្រពដែលមានកៅអីប្រមាណ ២.០០០ ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
កញ្ញា ធន ម៉ាឡា
Senior Executive, Marketing Communications Tel: (+855) 10/12 332 375 Email: thornmala@nagaworld.com
|
អត្ថបទ៖ សតារា