ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាសាជីវកម្មឈានមុខគេនៅ ក្នុងតំបន់អាស៊ាន បានរៀបចំពិធីជួបជុំដ៏អធិកអធមមួយនៅក្នុងរាជធានីភ្នំពេញដើម្បីបង្ហាញអំពីការថ្លែងអំណរគុណដល់តំណាងចែកចាយស៊ីម៉ងត៍របស់ក្រុមហ៊ុនទូទាំងប្រទេស ក៏ដូចជាចែករំលែកអំពីព័ត៌មានទិសដៅពាណិជ្ជកម្ម ព្រមជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ចំពោះបណ្ដាញតំណាងចែកចាយ ថាទាំងអស់គ្នានឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
នៅក្នុងពិធីជួបជុំនោះ តាមរយៈការថ្លែងសុន្ទរកថារបស់លោក អារី ឆាវ៉ាលីតឈីវីងគុណ (Aree Chavalitcheewingul) ប្រធានផ្នែកស៊ីម៉ងត៍ និងសម្ភារៈសំណង់ របស់ក្រុមហ៊ុន SCG ក្រុមហ៊ុនបានលើកទឹកចិត្តដល់តំណាងចែកចាយស៊ីម៉ងត៍ ដោយថ្លែងថា “យើងកំពុងធ្វើការរួមគ្នាដើម្បីឆ្ពោះទៅអនាគតទាំងអស់គ្នា”។លោកបានពន្យល់ថា៖ “តំណាងចែកចាយរបស់យើង គឺជាស្នូលនៃភាពជោគជ័យរបស់ក្រុមហ៊ុន អេសស៊ីជី នៅក្នុងប្រទេសកម្ពុជា ហើយដើម្បីជួយពង្រឹងដល់សមត្ថភាពប្រកួតប្រជែងរបស់តំណាងចែកចាយ យើងបានបង្កើតដោយជោគជ័យនូវទម្រង់ចែកចាយជា “តំណាងទទួលសិទ្ធិចែកចាយរបស់ SCG’ និងបង្កើតប្រព័ន្ធព័ត៌មានវិទ្យា ‘បញ្ជាទិញតាមអេឡិកត្រូនិក’ ដើម្បីសម្រួលដល់អាជីវកម្ម”។លោក អារី បានបន្ថែមទៀតថា៖ “ផលិតផលសម្ភារៈសំណង់របស់ក្រុមហ៊ុនអេសស៊ីជី រាប់បញ្ចូលទាំងស៊ីម៉ងត៍ ខេ-ស៊ីមេនផង គឺមានឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ទូទាំងប្រទេសកម្ពុជា ។ នេះក៏ដោយសារតែគុណភាពរបស់យើង ក៏ដូចជាឧត្តមភាពផ្នែកប្រកួតប្រជែង ដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ។ ស្ថានភាពនេះច្បាស់ណាស់នឹងផ្ដល់អត្ថប្រយោជន៍ដល់កំណើនលូតលាស់របស់អេសស៊ីជីផង និងតំណាងចែកចាយរបស់យើងផងសម្រាប់ឆ្នាំក្រោយៗតទៅមុខទៀត”។
បើយោងតាមលោក ប៉ារ៉ាម៉េត និសាកនសិន (Paramate Nisagornsen) អនុប្រធានផ្នែកស៊ីម៉ងត៍ និងសម្ភារៈសំណង់របស់ SCG បានឲ្យដឹងថា ទីផ្សារស៊ីម៉ងត៍នៅកម្ពុជាបានកើនឡើងជិត ៧ភាគរយ នៅឆ្នាំ ២០១៧ នេះ។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារ អាជីវកម្មរបស់អេសស៊ីជីនៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តមានកំណើនបន្ថែមទៀតនៅឆ្នាំ ២០១៨ ថ្វីដ្បិតតែការប្រកួតប្រជែងលើទីផ្សារអាចមានការកើនឡើងក្តី។
លោក ប៉ារ៉ាម៉េត បានប្រាប់ដល់តំណាងចែកចាយថា ផែនការរបស់ក្រុមហ៊ុនអេសស៊ីជី សម្រាប់ឆ្នាំ ២០១៨ ត្រូវបានពង្រឹងបន្ថែមលើសពីបណ្ដាឆ្នាំមុនៗ។ លោកបានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនអេសស៊ីជី មានការប្ដេជ្ញាចិត្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការជួយគាំទ្រដល់វិស័យសំណង់។ ជានិច្ចកាល យើងតែងស្វែងរកឱកាសដើម្បីវិនិយោគបន្ថែមលើគម្រោងនានាទៅថ្ងៃអនាគត ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបន្ថែមទៀត”។
នៅក្នុងពិធីនោះដែរ ផលិតផលស៊ីម៉ងត៍បូក ខេ ស៊ុបពែ (Super K Plastering) ក៏ត្រូវបានបង្ហាញជាសាធារណៈ សម្រាប់ទីផ្សារកម្ពុជាផងដែរ។ ផលិតផលថ្មីទំនើបនេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីបង្កើតបានជាស៊ីម៉ងត៍បូកចំណុះ ៤០គីឡូក្រាម ដែលមានប្រសិទ្ធភាពស្មើនឹងស៊ីម៉ង់ត៍បូកធម្មតាចំណុះ ៥០គីឡូក្រាម ហើយផលិតផលថ្មីនេះត្រូវបានរំពឹងថា នឹងមានការពេញនិយមខ្លាំង និងផ្ដល់អត្ថប្រយោជន៍ដល់វិស័យសំណង់ដែលលូតលាស់ឥតឈប់ឈរនៅកម្ពុជា។
ចាប់តាំងពីក្រុមហ៊ុន អេសស៊ីជីចាប់ផ្ដើមដំណើរការពាណិជ្ជកម្មដំបូងនៅកម្ពុជា ក្នុងឆ្នាំ ១៩៩២ កញ្ចប់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនបានបន្តលូតលាស់ជាលំដាប់រាប់តាំងពីស៊ីម៉ងត៍ ហើយរហូតមកទល់នឹងពេលនេះ រួមមានបេតុងលាយស្រេច សម្ភារៈដំបូល និងទុយោ អាជីវកម្មជួញដូរទំនិញ និងសេវាកម្មដឹកជញ្ជូនជាដើម ។ ជាមួយនឹងសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ជាច្រើនមុខ នៅពេលនេះ អតិថិជនកម្ពុជាអាចសាងសង់លំនៅដ្ឋានរបស់ខ្លួនទាំងមូលដោយប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអេសស៊ីជី៕ វឌ្ឍនា