ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់រឿងរ៉ាវជម្លោះជាពាក្យសម្តីរវាងអ្នកសិល្បៈដូចគ្នាមួយរយៈកន្លងមក ស្រាប់តែពេលនេះគេបានឃើញសារទម្លាយព្រមានធ្ងន់ៗរបស់ម៉េង កែវពេជ្ជតា ទៅកាន់ ប្រធានសមាកគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា។
តាមរយៈសារដ៏វែងអន្លាយប្រកបដោយឃ្លោងឃ្លារំលេចពាក្យជាច្រើនហូរហែ បង្ហោះនៅលើគណនីយបណ្តាញទំនាក់ទំនងសង្គមFacebook អ្នកនាង ម៉េង កែវពេជ្រតា អំពីមូលហេតុនៅពីក្រោយទំនាស់នេះ។
អ្នកនាងបានរិះគន់ប្រធានសមាគមសិល្បៈថា «មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញអ្នកសិល្បៈគ្នាឯងដែរ ( sic ) ដើរឈ្លោះស្ទើរមួយប្រទេស។ មានតែអញ។ លូកដៃតាំងពីរឿងកំប៉ុកកំប៉ុករហូតដល់រឿងនយោបាយខុសជំនាញ។ ផ្អែមក្រៅដំបៅក្នុងជំនាញចាក់រុកបង្កើតបក្សពួកនិយមគ្មានគំនិតបង្រួបបង្រួមក្នុងនាមខ្លួនជាប្រធានសោះយកចរិតនៅផ្ទះមកដឹកនាំមិនដែលថាខ្លួនឯងខុសម្តងគ្មានទំនួលខុសត្រូវខឹងគេនិយាយចំចំនុចមិនតបនឹងមុខទេរត់ទៅកៀងគរបក្សពួកអោយជួយជេរពីចម្ងាយនិងខំកាយយករឿងផ្សេងទាំងមិនពិតមកបញ្ឈឺ។ …សរុបទៅអ្វីដែលគាត់ធ្វើសុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គមនិងសិល្បៈសោះផ្ទុយទៅវិញបានត្រឹមតែធ្វើអោយពិភពសិល្បៈជួបតែភាពថោកទាបឆ្អាបស្អុយអត់តម្លៃអាចឈានទៅរកការអស់ជំនឿនិងរលត់រលាយកេរ្ត៍ឈ្មោះសមាគមសិល្បៈនៅអនាគតដ៏ខ្លីខាងមុខប៉ុណ្ណោះ»។
ក្រៅពីរិះគន់សមាគមសិល្បករខ្មែររូបនេះអ្នកនាងម៉េង កែវពេជ្ជតាក៏ចោទប្រកាន់អ្នននាងចន ច័ន្ទលក្ខិណាដែរថា ជាអ្នកបំផ្លាញនិងសម្អុយឈ្មោះអ្នកនាង។ អ្នកនាងលើកឡើងដែរថា«…ខ្ញុំនិយាយតែខ្ញុំឆ្ងល់រឿងលុយជារឿងធម្មតាអត់ប៉ះពាល់ដល់នរណាសោះស្រាប់តែគាត់មកលាបពណ៌អោយខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ។ សាហាវ ! ម៉េចឃើញខ្ញុំនៅតែឯងគិតថាខ្ញុំនេះងាយយកមកលេងសើចឬយ៉ាងម៉េច? ចង់មានរឿងខ្លាំងណាស់មែនទេ? សំអុយឈ្មោះ ខ្ញុំរាប់ឆ្នាំហើយនៅមិនទាន់គ្រប់ទៀតជាតិណាទើបឈប់? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខទើបអ្នកស្វាង? ខ្ញុំនិយាយពីស្អីអ្នកដឹងខ្លួនហើយហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេអោយសោះ…ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំបន្ថយការងារខ្ញុំតើឱយខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបងទាំងប្អូនទាំងកូនក្មួយមួយត្រកូលប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈដើម្បីមុខមាត់ជាតិនិងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណាសូម្បីសមាគមសិល្បៈអ្នកនាងចនច័ន្ទនេះក៍មិនដែលផ្តល់កិត្តយសស្អីអោយក្រុមគ្រួសារខ្ញុំដែរតែទៅជាអ្នកនាងប្រធានសមាគមសិល្បៈដែលមាននាទីជួយថែរអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញតើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ? បែបនេះគេអាចហៅប្រធានសមាគមនេះថា ជាជនបំផ្លាញធនធានវប្បធម៌បានទេ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់? តើគេគួរមានទោសកម្រិតណា? សូមបងប្អូនអានហើយពិចារណានិងផ្តល់ខមិនយុត្តិធម៌ខ្ញុំផង»។
គួរបញ្ជាក់ដែរថា ទំនាស់ជាពាក្យសម្តីនេះបានកើតឡើងក្រោយពីវេបសាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណាឈ្មោះDara News ( តារាញូស៍ )បានចេញផ្សាយព័ត៌មានថា«ទ្រាំមិនបាន! អ្នកនាងម៉េង កែវពេជ្ជតា ព្រលះទាំងព្រលឹមរឿងលុយថ្មី» ដែលអ្នកនាងយល់ថាជាព័ត៌មានធ្វើឲ្យមហាជនមានការយល់ច្រឡំចំពោះរូបអ្នកនាងយ៉ាងធ្ងន់ធ្ងរ៕ វឌ្ឍនា