ព័ត៌មានទាន់ហេតុការណ៍៖

ពពាក់ពពូនគ្នាជក់ថ្នាំញៀនត្រូវសមត្ថកិច្ចចុះទៅក្របួចចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រី៤នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ខណៈពួកគេពពាក់ពពូនគ្នានៅ បន្ទប់ជួលមួយកន្លែងដើម្បីជក់ថ្នាំញៀនក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ផងដែរ។

ការចុះឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីរសៀលថ្ងែទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ៧ ស្ថិតនៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពពីមន្ត្រីនគរបាលក្រុងច្បារមនបានប្រាប់ថា ការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងទបល្មើសគ្រឿងញៀន បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនក្នុងនោះឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន៤នាក់៖

១ ឈ្មោះស៊ិន រិទ្ធីហៅ(ហ៊ីង)ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

២ ឈ្មោះសែម ជែមស៊ីមី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

៣ ឈ្មោះ អ៊ុំ វន្នី ភេទប្រុស អាយុ២៣ឆ្នាំ នៅទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

៤ ឈ្មោះ ឆាយ ទូច ស្រី អាយុ២៣ឆ្នាំ ភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជាមួយការឃាត់ខ្លួនសមត្ថកិច្ចឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់ ទូរស័ព្ទ១គ្រឿង ម៉ូតូ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានសារភាពថា ពួកគេពិតជាបាននាំគ្នាជក់ថ្នាំញៀនប្រាកដមែន។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំក្រុមជនសង្ស័យទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិ វិធី ៕ សេនាស័ក្តិ


ចែករំលែក៖