ខេត្តព្រះសីហនុ៖ ក្រុមការងារមនុស្សធម៌អូរ៣ ដឹកនាំដោយលោកឧកញ៉ាទៀ វិចិត្រនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានធ្វើដំណើរទៅទទួលយកសត្វអាញី២ក្បាលដែលជាអំបូរសត្វដែលស្ទើរតែផុតពូជទៅហើយ ដែលប្រជាពលរដ្ឋនៅចំណុចទំនប់រលកចាស់ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុបានប្រគល់ជូនលោកឧកញ៉ា ដើម្បីយកទៅព្រលែងចូលទៅក្នុងព្រៃធម្ម្មជាតិឲ្យមានសេរីភាពឡើងវិញ និងបន្តអភិរក្សអំបូរសត្វខាងលើឲ្យកាន់តែសំបូរឡើងវិញ ដែលជាផ្នែកមួយក្នុងការទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរទៅកម្សាន្តនៅលើកោះដែនព្រៃធម្មជាតិនៃកោះឋានសួគ៌នៃខេត្តព្រះសីហនុ។
តាមការរៀបរាប់ឲ្យដឹងពីលោកអ៊ឹម សំណាង និងភរិយា ដែលបានប្រគល់សត្វខាងលើទៅឲ្យលោកឧកញ៉ាទៀ វិចិត្របានឲ្យដឹងថា ក្នុងខណៈដែលភរិយាលោកទៅទិញម្ហូបនៅផ្សារទំនប់រលកចាស់ ក៏ប្រទះឃើញមានអ្នកយកសត្វទាំង២ដាក់ក្នុងទ្រុងមកដាក់លក់នៅទីប្រជុំជនផ្សារ និងមានអ្នកចោមរោមមើល ឃើញដូចនេះដោយខ្លាចគេទិញយកទៅសម្លាប់ធ្វើជាម្ហូប ម៉្យាងទៀតគាត់នឹកឃើញថា សត្វប្រភេទនេះ ពីមុនសំបូរណាស់ តែមកដល់សព្វថ្ងៃដោយសារតែការប្រមាញ់យកទៅធ្វើម្ហូប និងនាំមកលក់នៅទីផ្សារទើបមកដល់ពេលនេះស្ទើរតែផុតពូជទៅហើយ ហេតុដូចនេះហើយ ទើបគាត់សម្រេចចិត្តទិញយករំដោះឲ្យរួចពីការសម្លាប់។
ម៉្យាងទៀតកន្លងមកទាំងពីរនាក់ប្តីប្រពន្ធខាងលើ តែងតែឃើញពីសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ាទៀ វិចិត្រ មិនត្រឹមតែជួយឧបត្ថម្ភជាជម្រក ជាថវិកា គ្រឿងឧបភោគ បរិភោគដល់ជនក្រីក្រមិនមានទីពឹងនោះទេ សូម្បីតែសត្វគ្រប់ប្រភេទទាំងសត្វរស់នៅក្នុងទឹកដូចជាអណ្តើកយក្សសមុទ្យ និងសត្វរស់នៅក្នុងព្រៃធម្មជាតិព្រៃភ្នំ ក៏លោកឧកញ៉ាខិតខំបន្តសកម្មភាពការពារ និងអភិរក្សជារៀងរហូតមក។
នៅក្នុងឱកាសខាងលើលោកឧកញ៉ា ក៏បានថ្លែងអំណរគុណជាពន្លឹកចំពោះលោក អ៊ឺម សំណាងនិងភរិយា ដែលបានចូលរួមចំណែកក្នុងការការពារ និងអភិរក្សពូជសត្វដែលជាប្រភេទសត្វដ៏ស្លូត និងកម្រនាពេលនេះ និងជូនពរដល់ក្រុមគ្រួសារខាងលើជួបតែសំណាងល្អ ប្រកបរបររកទទួលទានមានបាន និងសុខភាពល្អតរៀងទៅ ៕ សុខ ខេមរា