ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន តៃកុងរថយន្ដបើកបុកជាមួយម៉ូតូ និងកង់របួសធ្ងន់ស្រាល៧នាក់ នៅស្រុកមុខកំពូល បានបញ្ជូនមកដល់តុលាការហើយ។
ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការលោក ទិន សុចិត្រា ព្រះរាជអាជ្ញាររង។
សូមរំលឹកថា មនុស្សចាស់-ក្មេងប្រុស ស្រី៧នាក់ទទួលរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដបុកជាមួយម៉ូតូនិងបន្ដបុកកង់របស់សិស្សសាលា ខណៈដែលជនរងគ្រោះ២នាក់អង្គុយលើម៉ូតូ រីឯក្មេងៗ៥នាក់ទៀតកំពុងចេញពីរៀន កើតឡើងនៅវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់៤នាក់ ទី១-ឈ្មោះ ហួត សំនិត ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1W-9814 ទី២-កុមារីឈ្មោះ រី ឆេងអ៊ី អាយុ១២ឆ្នាំ មុខរបរសិស្ស (ជិះកង់) ទី៣-កុមារីឈ្មោះ រិន ស្រីទីន អយុ១៤ឆ្នាំ ។ ជនរងគ្រោះទី២ និងទី៣មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី៤-កុមារីឈ្មោះ ភាន់ ស្រីនាង អាយុ១៥ឆ្នាំ មុខរបរសិស្ស (ជិះកង់) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រីឯជនរងគ្រោះរងរបួសស្រាលមានចំនួន៣នាក់ ទី១-ឈ្មោះ ឆែម កយ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ រ 6437 ភ.ព1 ទី២-កុមារីឈ្មោះ ភា ដារ័ត្ន អាយុ១២ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី៣-ឈ្មោះ អេម ដាណេ អាយុ១២ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ចំណែកឯរថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5849 បើកបរដោយឈ្មោះ គាន ផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចចរាចរណ៍សន្និដ្ឋានច្បាស់ថា ករណីខាងលើនេះ គឺបណ្ដាលមកពីរថយន្ដបង្កបើកមិនគោរពច្បាប់តាមការកំណត់ល្បឿនក្នុងទីប្រជុំជន មានការធ្វេសប្រហែស ទើបបានជាជ្រុលទៅបុកជនរងគ្រោះរងរបួសធ្ងន់បែបនេះ ៕ ឆ ដា