ភ្នំពេញ៖ រថយន្តមិនចាំម៉ាក មួយគ្រឿង បានជ្រុលទៅបុកបុរសម្នាក់ជិះម៉ូតូហុងដា សេ125 ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-9330 ឌុបគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-0267 ហើយបានជ្រុលទៅបុកនឹងម៉ូតូខាងលើ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកវាស់វែង និងយកស្លាកលេខរថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌ៧មករា ដើម្បីស្រាវជ្រាវរករថយន្តបង្កខាងលើដោះស្រាយតាមច្បាប់ផងដែរ ៕ ស រស្មី