ខេត្តកណ្ដាល៖ បុរសម្នាក់មានវិបត្ដិស្នេហាដោយខឹងនិងនារីដែលខ្លួនស្រឡាញ់រៀបការចោល បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅក្នុងផ្ទះយ៉ាងអណោចអធ័ម ។ ករណីខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង១០នាទី ថ្ងៃព្រហស្បត៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាងខេត្ត ខេត្ដកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យ និងបច្ចេកទេសវិទ្យាស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតឈ្មោះ ឃីម សុខខេន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរថយន្ដ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាងខេត្ត ខេត្ដកណ្តាល ។
ប្រភពដដែលបន្ដថា នៅវេលាថ្ងៃកើតហេតុស្រ្ដីម្នាក់ត្រូវជាម្ដាយធំរបស់ជនរងគ្រោះបានដើររកសត្វឆ្កែនៅក្បែផ្ទះជនរងគ្រោះ ខណៈកំពុងដើររកក៏អើតមើលទៅក្នុងផ្ទះជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងទៅនិងធ្នឹមផ្ទះ ភ្លាមនោះក៏ស្រែកឆោឡោរបង្កជាភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ។ ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានមានករណីចងក.ធ្វើអត្ដឃាត ភ្លាមនោះសមត្ថកិច្ចផ្នែកកោសល្យវិច្ច័យបានធ្វើការពិនិត្យដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ ផងដែរ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេងឡើយ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ប្រភពដដែលបានបន្ដទៀតថា តាមការរៀបរាប់របស់សាច់ញាតិជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះបាននិយាយប្រាប់ក្រុមគ្រួសារថា រូបគេមានការពិបាកចិត្ដណាស់ក្នុងរឿងរ៉ាវស្នេហា ដោយនារីដែលខ្លួនស្រឡាញ់បានរៀបការចោលបាត់ទៅហើយ លុះរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្រាប់តែជនរងគ្រោះស្លាប់ដោយសារចងក.ធ្វើអត្ដឃាតយ៉ាងដូច្នេះទៅ ៕ ស្អាងជ័យ