ព័ត៌មានទាន់ហេតុការណ៍៖

ភាគី​ម្ខាង​បកស្រាយ​ការ​ពិត​ ករណីហិង្សា​នៅ​ផ្សារតាខ្មៅចាស់ ក្រុង​តាខ្មៅ​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ ក្រោយ​មាន​ជម្លោះ​ពាក្យ​សម្ដី​រហូត​ឈាន​ដល់​ការ​វាយតប់​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុងផ្សារតាខ្មៅចាស់ ក្រុង​តាខ្មៅ​ ភាគី​ទាំង​សងខាង​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ ។​ ប៉ុន្តែ​ទី​បំផុត​ ករណី​នេះ​ ត្រូវបាន​បញ្ចប់​ត្រឹម​អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ តែ​សំណុំរឿង​នឹង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។

ភាគី​ឈ្មោះ​ ផេង បូរិន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ​លក់​បន្លែ​ នៅ​ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ អះអាង​ថា​ រូបគេ​ពុំ​បាន​បង្ក​ជម្លោះ​មុន​ទេ​ គឺ​ ឈ្មោះ​ យ៉េត​ ណារិន​ ជា​អ្នក​បង្ក​មុន​ ហើយ​កាឡៃ​ថា​ខ្លួន​ជា​អ្នក​បង្ក​ទៅ​វិញ​។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​ ឈ្មោះ​ អ៊ិន​ ស្រីមុំ​ ភេទ​ស្រី​ អាយុ​៥៩ឆ្នាំ​ និយាយ​ថា​ កន្លង​មក​ ភាគី​ឈ្មោះ​ ផេង​ បូរិន​ និង​ ឈ្មោះ​ យ៉េត​ ណារិន​ គឺ​ ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ ។​ នៅ​យប់​កើត​ហេតុ​ ឃើញ​ប្រពន្ធ​ឈ្មោះ​ យ៉េត​ ណារិន​ ស្ទុះ​វៃ​ឈ្មោះ​ ផេង​ បូរិន​​ មុន​ ។​ ក្រោយ​មក​ ទើប​ខាង​ប្តីៗ​ទាំងពីរ​នាក់​វៃ​គ្នា​ ហើយ​បាន​ឃើញ​ឈ្មោះ​ យ៉េត​ ណារិន​ ទាញ​ដែក​ថ្នាំង​អំពៅ​ រក​វៃ​គេ​ តែ​ត្រូវ​បាន​គេ​ចាប់​ជាប់​ ។​ឈ្មោះ​ ផេង​ បូរិន​ សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​យុត្តិធម៌​ជូន​ពួកគេ​ផង​ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុង​តាខ្មៅ​ បាន​ឱ្យ​ដឹងថា​ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ យ៉េត​ ណារិន​ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ គឺ​ ពុំ​មែន​បណ្ដាល​មក​ពី​ភាគី​ ផេង​ បូរិន​ វៃ​នោះទេ​ គឺ​ ប្រពន្ធ​ឈ្មោះ​ យ៉េត​ ណារិន​ ទើប​ទម្លាក់​កូន​បាន​មួយ​ខែ​ ទើប​មាន​ជំងឺ​ហាក់​ដូច​ធ្ងន់ធ្ងរ​បែប​នេះ​ ។

គួរ​រំលឹក​ថា​ កាលពី​យប់​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ មាន​ករណី​ហិង្សា​មួយ​ នៅ​ចំណុច​ផ្សារ​តាខ្មៅ​ចាស់​ ភូមិ​តាខ្មៅ​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ដោយ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ យ៉េត​ ណារិន​ អាយុ​៣៦ឆ្នាំ​ មុខរបរ​លក់​គ្រឿង​សមុទ្រ​ ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ ។

សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ អះអាង​ថា​ ករណី​នេះ​ គឺ​ ផ្តើម​ពី​ទំនាស់​ពាក្យ​សម្ដី​ជាយូរមកហើយ​ ដោយ​មាន​ការ​គុំកួន​គ្នា​ ។​ លុះ​យប់​កើត​ហេតុ​ ខាង​ស្រី​ៗ​ឈ្លោះ​ប្រកែក​គ្នា​រហូត​ផ្ទុះ​ហិង្សា​ទៅ​វិញ​ទៅ​មក​ ទើប​ភាគី​ខាង​ប្រុស​ចូល​ជួយ​ឃាត់​ ។​

សមត្ថកិច្ច​អះអាង​ថា​ បុរស​ឈ្មោះ​ យ៉េត​ ណារិន​ បាន​យក​ដែក​ថ្នាំង​អំពៅ​ វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ ។​ ចំណុច​នេះ​ បង​ស្រី​របស់​ឈ្មោះ​ យ៉េត​ ណារិន​ បញ្ជាក់​ថា​ ប្អូន​ប្រុស​​ពុំ​បាន​វាយ​ទេ​ តែ​ភាគី​ម្ខាងទៀត​ទៅ​វិញ​ទេដែល​វាយ​ ប្អូន​ថ្លៃ​ស្រី​ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ឈ្មោះ​ យ៉េត​ ណារិន​ រងរបួស​ធ្ងន់​កំពុង​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​ ៕ ឆ ដា


ចែករំលែក៖