ប៉ោយប៉ែត ៖ ពលករខ្មែរជាច្រើននាក់ ត្រូវបានក្រុមតម្រួតថៃ សហការជាមួយនឹងកម្លាំងជំនាញ ធ្វើការឡោមព័ទ្ធចាប់ខ្លួនបានជាបន្តបន្ទាប់ ខណៈដែលពួកគេប្រមាណជាង១០០នាក់ ត្រូវបានមេក្លោងខ្មែរ ថៃ ដឹកនាំឆ្លងដែន និងលបលួចចូលទៅកាន់ឈើ គ្រញូងក្នុងតំបន់ហាមឃាត់ ។
យោងតាមការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថៃ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មានការស្ទាក់ចាប់ពលករខ្មែរដែលបានលបលួចចូលទៅកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានជាតិ ថាប់ឡាន ស្ថិតនៅចំណុចណងបូស ក្នុងភូមិ២០ ឃុំគូសក្រាក់ឆាយ ស្រុកខនបុរី ខេត្តនគររាជសីមា ប្រទេសថៃ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចថៃបានឃាត់ខ្លួនជនជាតិខ្មែរបានចំនួន៣៩នាក់ ព្រមទាំងបានដកហូតឈើគ្រញូងជាច្រើនដុំផងដែរ ដោយវត្ថុតាងទាំងនេះត្រូវបាន បញ្ជូនទៅកាន់អង្គភាពជំនាញ នៃខេត្តស្រះកែវ ប្រទេសថៃ ហើយកម្លាំងចម្រុះថៃ ដែលមានតម្រួត រដ្ឋបាលព្រៃឈើ នឹងក្រុមអភិរក្សព្រៃឈើក្នុងតំបន់ឧទ្យានជាតិ ។ លុះនៅយប់ថ្ងៃទី២៨ ខែ ឆ្នាំ ដដែល កម្លាំងចម្រុះថៃ បានធ្វើការរុករក និងឈានដល់ការចាប់ខ្លួនជនជាតិខ្មែរ និងថៃ បន្ថែមទៀត ដែលកិច្ចប្រតិបតិ្តការលើកទី២ នេះ កម្លាំងបានឃាត់ខ្លួន គឺបាន ៤៥នាក់ ដោយបាននាំខ្លួនទៅកាន់អង្គភាពជំនាញក្នុងខេត្តស្រះកែវ ដើម្បីសាកសួរ ។
ជនសង្ស័យទាំងអស់បានសារភាពថា ពួកគេសរុបប្រមាណជាង ១០០ នាក់ ត្រូវបានមេក្លោងខ្មែរ និង ថៃ បាននាំលួចឆ្លងដែនតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ ដោយបាន បន្តដំណើរលបចូលទៅកាន់តំបន់ហាមឃាត់នេះ ក្នុងគោលបំណងឲ្យកាប់ឈើ និង ជញ្ជូនឈើទាំងនេះចេញមកខាងក្រៅ ដោយទទួលបានកម្រៃក្នុងឈើមួយគីឡូក្រាមចំនួនពី១៥០បាត ទៅ២០០ បាត ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមេក្លោង ដែលនៅពីក្រោយខ្នង ដើម្បីនាំខ្លួនយកមកសាកសួរតាមច្បាប់ ៕ វណ្ណា