ភ្នំពេញ ៖ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងបន្តចុះត្រួតពិនិត្យ
នៅកន្លែងចែកចាយត្រី(យឿត្រី)ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាក់ស្តែងឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ៨នាក់ ដែលលួចឆ្លងដែន និងស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ។
ជនជាតិវៀតណាមប្រុសស្រីទាំង៨នាក់នោះ ទី១ ឈ្មោះ ភុង យុំាងដង ភេទប្រុសអាយុ៣៧ឆ្នាំ .ទី២ឈ្មោះ ចឹង ដាយខា ភេទប្រុសអាយុ៣៨ឆ្នាំ .ទី៣ង៉ូ យុំាងអា ភេទប្រុសអាយុ៣៨ឆ្នាំ .ទី៤ឈ្មោះង៉ូ យុំាងណា ភេទប្រុសអាយុ៣៥ឆ្នាំ .ទី៥ឈ្មោះផាង យុំាងដា ភេទប្រុសអាយុ១៦ឆ្នាំ .ទី៦ឈ្មោះ ថាត់ យាវ ភេទស្រីអាយុ៥៩ឆ្នាំ .ទី៧ឈ្មោះ ង្វៀង ធីហឿង ភេទស្រីអាយុ៥១ឆ្នាំ .ទី៨ង្វៀង ធីង៉ា ភេទស្រីអាយុអាយុ៦១ឆ្នាំ ។
លោកវរសេនីយ៍ត្រី អ៊ា ភក្តី នាយរងការិយាល័យគ្រប់គ្រងជនបរទេស បានឲ្យដឹងថា កម្លាំងរបស់លោកនឹងបន្តចុះប្រតិបត្តិការគ្រប់ទីកន្លែងទាំងអស់ឲ្យតែមានជនអន្តោប្រវេសន៍ ខុសច្បាប់ ជាក់ស្តែង នៅល្ងាចនេះជនជាតិវៀតណាមចំនួន០៨នាក់ ក្នុងនោះស្រី០៣នាក់ លួចស្នាក់នៅ និងរកស៊ីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕ ចាន់ធឿន