ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោក គីម វ៉ុនជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតប្រចាំកម្ពុជា សម្តេចប្រធានបានស្នើឲ្យកូរ៉េ ជំរុញការវិនិយោគ លើវិស័យសំណង់ ទេសចរណ៍ កសិកម្ម កសិ-ឧស្សាហកម្ម ធនធានធម្មជាតិ ថាមពលនៅកម្ពុជា ។
ក្នុងឱកាសនោះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរដ្ឋទូត ក្នុងការបំពេញតួនាទី ប្រកបដោយជោគជ័យ និងមានទំនាក់ទំនងល្អ ជាមួយនឹងក្រសួង ស្ថាប័នរដ្ឋ និងប្រជាជនកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបញ្ជាក់ថា បេសកកម្មការទូតនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង ពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ លទ្ធផលទាំងនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
សម្តេចប្រធាន បានស្នើឱ្យកូរ៉េ ជំរុញការវិនិយោគរបស់កូរ៉េនៅកម្ពុជា លើវិស័យសំណង់ ទេសចរណ៍ កសិកម្ម កសិ-ឧស្សាហកម្ម ធនធានធម្មជាតិ ថាមពល កាត់ដេរ ហិរញ្ញវត្ថុ និង វិស័យអចល នទ្រព្យ។
សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណច ពោះរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានបង្កើតសាលាកសិកម្ម និងមន្ទីរពិសោធន៍ សម្រាប់ពិនិត្យគុណភាព មុខទំនិញកសិកម្ម ដែលត្រូវនាំចេញទៅប្រទេសកូរ៉េ ជាពិសេស ផលិតផលផ្លែស្វាយ ព្រមទាំងជួយបណ្តុះបណ្តាល ដល់ប្រជាកសិករឲ្យទទួលបាននូវបច្ចេកវិទ្យាថ្មីៗខាងវិស័យកសិកម្ម។ លើសពីនេះកូរ៉េ បានយកចិត្តទុកដាក់ និងគាំពារតាមផ្លូវច្បាប់ចំពោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េផងដែរ។
នាឱកាសនោះ លោក គីម វ៉ុនជីន បានថ្លែងអំណរគុណ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលា អនុញ្ញាតឲ្យ ឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ ។
លោកកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូត នៅកម្ពុជា ឯកឧត្តមមានសេចក្តីរីករាយ និងពេញចិត្តយ៉ាងក្រៃលែង ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស មើលឃើញអំពីការអភិវឌ្ឍ និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យរបស់កម្ពុជា។ ឯកឧត្តម បានសន្យាថា នឹងបន្តជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគកូរ៉េ មកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧នេះ ក្រុមហ៊ុនរបស់កូរ៉េ មានចំនួន៨៦២ក្រុមហ៊ុន បាន នឹងកំពុងវិនិយោគនៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ៨០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ហើយអ្នកទេសចរកូរ៉េ មកទស្សនាកម្ពុជា មានជាង៣៥ម៉ឺននាក់ក្នុងមួយឆ្នាំៗ៕ ស តារា