កាលពីថ្ងៃទី២៩ ខែវិច្ឆិកា សាច់ញាតិ នាវិកនៅក្នុងនាវាមុជទឹក ARA San Juan របស់កម្លាំងទាហានជើងទឹកអាហ្សង់ទីនដែលបាត់ខ្លួននោះ បានចាប់ផ្តើមប្តឹងទៅ តុលាការក្រោយរយៈពេល១៤ថ្ងៃហើយរកមិនទាន់ឃើញទៀត។
មេធាវី Luis Tagliapietra ដែលជាឪពុក របស់វរសេនីយ៍ឯក Alejandro Damian Tagliapietra ដែលជាមនុស្សម្នាក់ ក្នុង ចំណោមមន្ត្រីយោធានៅក្នុងនាវាមុជទឹកដែលបាត់ខ្លួន បានឲ្យដឹងថា លោកនឹងប្តឹងក្រោយពេលប្រមូលឯកសារពាក់ព័ន្ធនឹងការជួសជុលនាវា ក៏ដូចជាទំនាក់ទំនងជា មួយទីបញ្ជាការរួចរាល់។
លោក Luis Tagliapietra បង្ហាញក្តី បារម្ភថា មន្ត្រីយោធាបានលាក់បាំងព័ត៌ មាននៅក្នុងទំនាក់ទំនងជាមួយនាវាមុជ ទឹកដែលបានបាត់ខ្លួនតាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយនៅក្នុងនោះមាននាវិក រហូតដល់ទៅ៤៤នាក់។
កន្លងមកប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានប្រកាសស្វែងរកនាវាមុជទឹកដែលបានបាត់ខ្លួន ហើយ ការស្រាវជ្រាវពីមូលហេតុបង្កឲ្យមានគ្រោះថ្នាក់នឹងចាប់ផ្តើមនៅពេលណាដែលរកឃើញនាវា ARA San Juan ។
ក្តីសង្ឃឹមរកឃើញនាវិកនៅរស់បាន រលត់ទៅហើយ ក្រោយពេលដែលអុកស៊ីសែននៅក្នុងនាវាមុជទឹកខាងលើអស់តាំងពីសប្តាហ៍កន្លងមក។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ប្រព័ន្ធ បច្ចេកវិទ្យាបំបាំងកាយដ៏ទំនើប គឺហេតុ ផលបង្កទុក្ខលំបាកក្នុងការស្វែងរកនាវា មុជទឹក។ មកទល់ពេលនេះគេមិនទាន់ដឹង ថា នាវាមុជទឹក ARA San Juan កំពុងតែ ដំណើរការនៅលើផ្ទៃទឹក បាតសមុទ្រ ឬត្រូវលិចនោះឡើយ ដោយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយពីនាវា ខាងលើនោះទេ។
នាវាមុជទឹក ARA បានផលិតនៅឆ្នាំ ១៩៨៥ ប៉ុន្តែត្រូវបានជួសជុលកែលម្អ ឡើងវិញនៅឆ្នាំ២០១៤ ដោយបំពាក់ ប្រព័ន្ធបំបាំងកាយ ដ៏ទំនើបគេចផុតពីការចាប់បានរបស់សត្រូវ៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច