ក្រោយពេលកូរ៉េខាងជើង បានសាក ល្បងកាំជ្រួចមីស៊ីល ឆ្លងទ្វីបICBM កាល ពីថ្ងៃទី២៩ ខែវិច្ឆិកា ប្រទេសមហាអំណាចនៅជុំវិញពិភពលោកមានប្រតិកម្មយ៉ាងខ្លាំងទៅលើសកម្មភាព ទាំងនោះ ពិសេសគឺ អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ដែលជា ប្រទេសជាប់ពាក់ព័ន្ធ ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។
ចំពោះហេតុការណ៍បាញ់មីស៊ីលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា របស់កូរ៉េខាងជើង ត្រូវ បានគេវាយតម្លៃថា មីស៊ីលនោះបាញ់បានរហូតដល់ទៅ១៣ពាន់គីឡូម៉ែត្រ គឺគ្រប ដណ្តប់នៅលើទឹកដីអាមេរិក។ ក្នុងថ្ងៃជា មួយគ្នានោះដែរប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានជួបពិភាក្សាលើបញ្ហានោះតាមទូរស័ព្ទ។
លោកត្រាំបានស្នើឲ្យចិនដើរតួនាទីយ៉ាងសំខាន់ជាងនេះដើម្បីដាក់គំនៀបទៅលើ កូរ៉េខាងជើង ឲ្យបញ្ចប់សកម្មភាពឌឺដង ។ ជាមួយគ្នានេះលោកត្រាំសង្ឃឹមថា ចិននិងចូលរួមស្វែងរកវិធីសាស្ត្របញ្ចប់កម្មវិធី មីស៊ីលនឹងបរមាណូនៅកូរ៉េខាងជើង។
ក្រសួងការបរទេសអង់គ្លេស បានប្រកាស ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បាន កោះហៅមន្ត្រីទូតកូរ៉េខាងជើង ដើម្បីប្រឆាំងនឹងសកម្មភាពសាកល្បងមីស៊ីល។ នៅ ក្នុងសេចក្តីប្រកាស របស់ឧបការីក្រសួង ការបរទេសអង់គ្លេស ទទួលបន្ទុកអាស៊ី ប៉ាស៊ីហ្វិក លោក Mark Field បានបញ្ជាក់ ថា លោកបានកោះហៅមន្ត្រីទូតកូរ៉េខាងជើងដើម្បីប្រឆាំងនិងសកម្មភាពបាញ់ មីស៊ីល។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ក៏បាន ថ្កោលទោស ដល់ការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង ដោយប្រកាសថានឹងកោះហៅមន្ត្រីទូតដើម្បីប្រឆាំងផងដែរ។រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង លោក Sigmar Gabriel បានបញ្ជាក់ថា«កូរ៉េខាងជើង បាន បំផ្លាញច្បាប់អន្តរជាតិ ។សកម្មភាពរបស់កូរ៉េខាងជើងគំរាមកំហែងសន្តិសុខ ពិភព លោក។ លោកបានថ្កោលទោសដល់ការ សាកល្បង មីស៊ីលឆ្លងទ្វីប។
ក្រសួងការបរទេសរុស្ស៊ី ក៏បានបញ្ជាក់ផងដែរថា«យើងបានអំពាវនាវដល់កូរ៉េខាងជើង បញ្ចប់ការសាកល្បង កាំជ្រួចមីស៊ីល ហើយអាមេរិកនិងកូរ៉េខាងត្បូង ក៏ត្រូវផ្អាកសកម្មភាពធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំផងដែរ ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា។ ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា ទីក្រុងមូស្គូមិនផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ពីកូរ៉េខាងជើងនោះឡើយ
ក្រសួងការបរទេសចិន ក៏បានប្រតិកម្មយ៉ាងខ្លាំងទៅលើសកម្មភាពសាកល្បង មីស៊ីលរបស់កូរ៉េខាងជើង ផងដែរ ។អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ចិនប្រឆាំងរាល់ការសាកល្បងមីស៊ីល របស់កូរ៉េខាងជើង ។ ចិនបានបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងចេញសេច ក្តីសម្រេច ពាក់ព័ន្ធនឹងការសាកល្បង ខាងលើ។
ពាក់ព័ន្ធនឹងការសាកល្បងកាំជ្រួចមីស៊ីលខាងលើ កូរ៉េខាងជើង បានឆ្លើយតប ទៅនឹងការថ្កោលទោសរបស់សហគមន៍ អន្តរជាតិថា អាមេរិកតែមួយគត់ដែលជាគោលដៅរបស់កូរ៉េខាងជើង ដោយ អាមេរិកនៅតែ ចងគំនុំចង់ឈ្លានពានទឹកដីកូរ៉េខាងជើង ។
គេហទំព័រ The Newsweek ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកានេះបាន សរសេរថា ឆ្លើយតបទៅនឹងប្រតិកម្មទាំង ឡាយ របស់ពិភពលោកប្រទេសកូរ៉េខាង ជើង បានចេញមកធ្វើការរិះគន់ ទៅលើ ប្រព័ន្ធផ្សព្វផ្សាយបរទេស និងស្ថាប័ន ផ្សេងៗជាពិសេស ពួកលោកខាងលិច ដែលបានលើកឡើងថាខ្លួន មានផែន ការគំរាមកំហែង ដល់ជនស៊ីវិលតាមរយៈ លទ្ធភាព ក្នុងការវាយប្រហារដោយនុយ ក្លេអ៊ែរ ប៉ុន្តែខ្លួនបានអះអាងជាក់ស្តែង វាគឺត្រឹមតែជាការសងសឹក ចំពោះការ ឈ្លានពាន របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ។
លោក Jo Chol Su ប្រធាននាយកដ្ឋាន សារព័ត៌មាន នៅវិទ្យាស្ថានសិក្សាពីពលរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយកូរ៉េខាងជើង ដែលត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ ងារព័ត៌មានកណ្តាល របស់កូរ៉េខាងត្បូង បាននិយាយាថាការលើកឡើងទាំងនោះ មិនមែនជាការណ៍ពិតនោះឡើយ ដែលថា កូរ៉េខាងជើង កំពុងរៀបចំផែនការវាយ ប្រហារនុយក្លេអ៊ែរ ដើម្បីប្រឆាំងនឹងកូរ៉េ ខាងត្បូង ជាពិសេសព្រឹត្តិការណ៍អូឡាំពិក រដូវត្រជាក់ដែលនឹងប្រព្រឹត្តទៅ នៅខែ កុម្ភៈខាងមុខផងនោះ។ លោកក៏បាន លើកឡើងពីពាក្យចចាមអារ៉ាម ដែលថា កូរ៉េខាងជើងកំពុងមានគម្រោងបាញ់មីស៊ីលផ្លោង ផ្សេងទៀតនៅជុំវិញបុណ្យណូអែលនោះផងដែរ ថាសុទ្ធតែជារឿងមិនពិត ។
ខណៈដែលមានការអះអាង ពីសំណាក់ កូរ៉េខាងជើង ថាមានតែអាមេរិកប៉ុណ្ណោះ ដែលជាគោលដៅសំខាន់របស់ខ្លួន ក្នុង ការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ នោះ ក្រុមអ្នកស្រាវជ្រាវតាមរយៈ ការ វិភាគរូបថតតាំងពីឆ្នាំ ២០១៣ នៃកិច្ចប្រជុំ រវាងលោកគីម ជុងអ៊ុននឹងពួកឧត្តមសេនីយ៍របស់គាត់នោះ គេអាចជឿជាក់ថាបាន គោលដៅធំៗ ចំនួន៤ នឹងអាចរងការវាយ ប្រហារ ប្រសិនបើវាពិតជាអាចកើតឡើង មែននោះ ក្នុងនោះមានដូចជាមូលដ្ឋានទ័ពអាកាស Barksdale នៃរដ្ឋ Louisiana, កំពង់ផែនៅ San Diego, មន្ទីរPentagon ក្នុងរដ្ឋ Virginia និង Pearl Harbor នៃរដ្ឋហាវ៉ៃ ៕ ម៉ែវ សាធី