ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី៧ ខែធ្នូប្រកាសសុពលភាពតំណាង រាស្ត្រ CPP ចំនួន១៦រូប

ចែករំលែក៖

ភ្នំពេញ៖ លោក ឈាង វុន អ្នកនាំពាក្យ រដ្ឋសភាបានឲ្យដឹងថា តំណាងរាស្រ្ត១៦រូប មកពីគណបក្សប្រជាជនកម្ពុជានឹងត្រូវផ្តល់សុពលភាពនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះដោយសភាពេញអង្គ ។

លោក ឈាង វុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧ថា សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាដើម្បីពិនិត្យ និងសម្រេចលើរបៀប វារៈ២ គឺទី១-បញ្ជីបេក្ខជនជាប់ឆ្នោតជា តំណាងរាស្ត្រ១៦រូប, ទី២-ពិនិត្យលើរបាយ ការណ៍ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៥រូបរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ។

ជាមួយគ្នានេះដែរគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានជ្រើសរើសបេក្ខភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចំនួន៣រូបថ្មីបានហើយ ហើយគ្រោង នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។

លោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភា បានឲ្យដឹងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ក្រោមអធិបតីភាពសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថា គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេច កំណត់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបេក្ខ ភាពគ.ជ.ប.ថ្មីចំនួន៣រូបជំនួសសមាជិក គ.ជ.ប.ដែលបានលាលែងពីតំណែង ។

លោកបានបន្តថា បេក្ខភាពគ.ជ.ប. ថ្មីនោះត្រូវអគ្គលេខាធិការដ្ឋានរដ្ឋសភាជ្រើសរើសរួចហើយដោយអ្នកទំាង៣រូបនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់បំពេញតួនាទីក្នុងការបម្រើការងារនៅស្ថាប័នគ.ជ.ប.។ អ្នកទំាង៣រូបដែលរដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនោះរួមមាន លោក នុត សុខុម បេក្ខភាពមកពីគណបក្សហ្វុ៊នស៊ិនប៉ិច, លោក ឌឹម សុវណ្ណារ៉ុម មកពីសាលាក្តី ខ្មែរក្រហម និងលោក ហ៊ែល សារ៉ាត់ មកពី គណបក្សសញ្ជាតិកម្ពុជា ។

លោក ឈាង វុន បានបន្តទៀតថា តំណាងរាស្រ្តទាំង១៦រូបដែលនឹងត្រូវមក បំពេញក្នុងជុំទី២នោះមកពីគណបក្សប្រជាជនកម្ពុជាមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០១៣ ហើយត្រូវផ្តល់សុពលភាពក្នុង សភាពេញអង្គនាព្រឹកថ្ងៃទី៧ ខែធ្នូ និងបន្ត ស្បថនៅចំពោះមុខព្រះភ័ក្រ្តអង្គព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងតែម្តង ។

តំណាងរាស្រ្តថ្មីត្រូវឈរសម្រាប់៧ មណ្ឌលរួមមាន មណ្ឌលបាត់ដំបង១រូបគឺ លោក សៀង សុថន, មណ្ឌលកំពង់ចាម មាន៣រូបគឺលោក អុី សំអុល លោក ម៉ា ឈឿន និងលោកស្រី ខុង សុនអេង, មណ្ឌលកំពង់ស្ពឺមាន១រូបគឺលោក សុខ ប៊ន, តំណាងរាស្រ្តមណ្ឌលកណ្តាល៣រូប គឺលោក វ៉ាន់ សំអឿន (អតីតតំណាងរាស្រ្ត CNRP), លោក គោស៊ុំ សារឿត, លោក អ៊ុក ដាមរី, តំណាងរាស្រ្តមណ្ឌលកោះកុង ១រូបគឺលោក ជុំ យុហៀង, តំណាងរាស្រ្ត មណ្ឌលភ្នំពេញ៣រូបគឺលោក ជៀប ស៊ីវន លោក ពេជ្រ គឹមស្រ៊ាង លោក លី ឆេង និង តំណាងរាស្រ្តមណ្ឌលព្រៃវែង៣រូបគឺ លោក ឡុង ប៊ុន្នី (អតីតតំណាងរាស្រ្តCNRP), លោក ម៉ុម ស៊ីប៊ុន និងលោក ពៅ សាមី។

សូមបញ្ជាក់ថា ការបញ្ចូលឈ្មោះតំណាង រាស្រ្តក្នុងជុំទី២នេះត្រូវបានជ្រើសចេញពី គណបក្សប្រជាជនកម្ពុជាទាំងអស់ក្រោយពីគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រកាសមិនទទួលយកអាសនៈទាំងនោះកាលពីពេលថ្មីៗ កន្លងទៅ ។

លោក ឈាង វុន បានបន្ថែមថា តំណាង រាស្រ្តក្នុងរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា៤រូបត្រូវបានខាងគណបក្សប្រជាជន កម្ពុជាស្នើសុំបេក្ខភាពឈរឈ្មោះចូលរួម ការបោះឆ្នោតសមាជិកព្រឹទ្ធសភានាខែ កុម្ភៈ ឆ្នាំ២០១៨ខាងមុខដែលរួមមានលោក មុំ ជុំហ៊ុយ, លោក ហែម ខន, លោក អាយ ខន និងលោក សុខ ឥសាន ។ ឯខាងគណ បក្សហ្វុនស៊ីនប៉ិច លោក នុត សុខុម ក៏បានសុំលាលែងតំណែងពីតំណាងរាស្រ្តម្នាក់ដែរដើម្បីឈរឈ្មោះជាអនុប្រធាន គ.ជ.ប. បន្ទាប់ពីអនុប្រធានចាស់លោកគួយ ប៊ុនរឿន បានសុំលាលែងតំណែង ។

អ្នកនាំពាក្យរូបនេះធ្លាប់បានបញ្ជាក់ថា រដ្ឋសភាបានប្រជុំសម្រេចផ្តល់សុពលភាព នៃអាណត្តិបេក្ខជនជាប់ឆ្នោត៤៤រូបមកពីគណបក្សចំនួន៣គឺគណបក្សហ្វុ៊នស៊ិនប៉ិច, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណ បក្សសញ្ជាតិកម្ពុជាដែលសម្រេចដោយ គ.ជ.ប.រួចហើយក្នុងសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

សូមរំលឹកថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ មានគណបក្សនយោបាយ ចំនួន៨រួមមាន គណបក្សប្រជាជនកម្ពុជា, អតីតគណបក្សសង្គ្រោះជាតិ, គណបក្ស ហ៊្វុនស៊ិនប៉ិច, គណបក្សសញ្ជាតិកម្ពុជា, គណបក្សសាធារណ រដ្ឋប្រជាធិបតេយ្យ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្ស ខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ ។

ក្នុងចំណោមគណបក្សទាំង៨នោះមានតែគណបក្ស២ប៉ុណ្ណោះដែលបានទទួល អាសនៈ(កៅអី) ក្នុងរដ្ឋសភាគឺគណបក្ស ប្រជាជនកម្ពុជាដែលមានសន្លឹកឆ្នោតគាំទ្រចំនួន៣.២៣៥.៩៦៩ និងទទួលបាន៦៨ អាសនៈក្នុងរដ្ឋសភា។ ចំណែកអតីតគណ បក្សសង្គ្រោះជាតិមានសន្លឹកឆ្នោតគាំទ្រ ចំនួន២.៩៤៦.១៧៦ និងទទួលបាន៥៥ អាសនៈក្នុងរដ្ឋសភា ។

ចំពោះគណបក្ស៦ផ្សេងទៀតមិនទទួលបានអាសនៈក្នុងរដ្ឋសភាទេក្រោយការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ តែពួកគេទទួលបានចំនួនសន្លឹកឆ្នោតខ្លះ ក្រោយការបោះឆ្នោតនោះ។ ដូចជាគណ បក្សសញ្ជាតិកម្ពុជាទទួលបានសន្លឹកឆ្នោត ៣៨.១២៣, គណបក្សហ៊្វុនស៊ិនប៉ិចទទួល បានសន្លឹកឆ្នោត២៤២.៤១៣, គណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យទទួលបានសន្លឹកឆ្នោត៣៣.៧១៥, គណបក្សខ្មែរអភិ វឌ្ឍន៍សេដ្ឋកិច្ចទទួលបានសន្លឹកឆ្នោត ១៩.១៥២, គណបក្សខ្មែរឈប់ក្រទទួល បានសន្លឹកឆ្នោត៤៣.២២២ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន សន្លឹកឆ្នោត៦៨.៣៨៩ ។

ការបោះឆ្នោតឆ្នាំ២០១៣គណបក្ស ដែលទទួលបានសន្លឹកឆ្នោតច្រើនបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងអតីតគណ បក្សសង្គ្រោះជាតិនោះគឺទី ១-គណបក្សហ៊្វុនស៊ិនប៉ិច(២៤២.៤១៣), ទី២-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(៦៨.៣៨៩), ទី៣-គណបក្សខ្មែរឈប់ក្រ(៤៣.២២២), ទី៤-គណបក្សសញ្ជាតិកម្ពុជា(៣៨.១២៣), ទី៥-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (៣៣.៧១៥) និងទី៦-គណបក្សខ្មែរអភិ វឌ្ឍន៍សេដ្ឋកិច្ច(១៩.១៥២) ៕ ហេង សូរិយា


ចែករំលែក៖