ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនមួយគ្រឿងបើកបុកម៉ូតូពីក្រោយរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារថយន្តបែនមួយគ្រឿង បានបើកទៅបុកម៉ូតូពីក្រោយនៅវេលាម៉ោង០៧និង៣៥នាទីយប់ ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨-១៧៩ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការឲ្យដឹងពីលោកវរសេនីយ៍ត្រីសួន គឹមសំ អធិការរងនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កដោយ រថយន្តដឹកដី១គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3D-9423 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ដល់ចំណុចខាងលើ ក៏បានបុកពីខាងក្រោយម៉ូតូ១គ្រឿង ម៉ាក HONDA AREBLADE ពណ៌ ក្រហម គ្មានស្លាកលេខ ដែលមានទិសដៅស្របគ្នា។

លោកអធិការរងបានបន្តទៀតថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសធ្ងន់មនុស្សចំនួន១នាក់(អ្នកបើកម៉ូតូ)ឈ្មោះ ទូច វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកចល័ត រស់នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និង ម៉ូតូត្រូវ បានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖