ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូងផ្តល់អំណោយដល់ ប្រជាការពារខណ្ឌដូនពេញចំនួន៨០នាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រះចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ បានផ្តល់អំណោយជាទេយ្យទានដល់កម្លាំងប្រជាការពារខណ្ឌដូន​ពេញចំនួន៨០នាក់ បន្ទាប់ពីកម្លាំងទាំងនេះបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយអនាម័យសាធារណៈ ក្នុងមូលដ្ឋានខណ្ឌនេះបានល្អ

ពិធីចែកអំណោយទេយ្យទាន ដល់កម្លាំងប្រជាការពារខណ្ឌដូនពេញនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងព្រះគ្រូវិសុទ្ធិសីសាចារ្យ ជឹម ជោតិ ព្រះចៅអធិការ វត្តព្រះពិទ្ធឃោសាចារ្យ និងព្រះឃោសាវិសុទ្ធិ ទួត ម៉េងឈុន គ្រូសូត្រស្តាំ និងព្រះរតនវិសុទ្ធិវង្ស គាន សារ៉ាត់ គ្រូសូត្រឆ្វេង។

ទេយ្យទាន និងបច្ច័យ របស់ព្រះគ្រូវិសុទ្ធិសីសាចារ្យ បានចែកជូនដល់កម្លាំងប្រជាការចំនួន៨០​នាក់ ដោយក្នុងម្នាក់ៗ ទទួលបាលថវិកាចំនួន ២០,០០០រៀល អង្ករចំនួន ២០Kg និងសម្ភារបរិភោគមួយកញ្ចប់ផងដែរ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូចៅ អធិការវត្តវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងត្បូង ដែលបានយកព្រះទ័យ និងផ្តល់ នូវអំណោយទេយ្យទានដល់កម្លាំងប្រជាការពារខណ្ឌ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ មួយចំណែកផងដែរ ថ្វីបើទេយ្យទានទាំងនេះមានតិចតួចក្តី ។

លោកអភិបាលខណ្ឌបញ្ជាក់ថា ខណ្ឌដូនពេញជាខណ្ឌបេក្ខភាពប្រឡងប្រណាំង ទីក្រុងស្អាតលើកទី២ និងបេក្ខភាពទីក្រុងស្អាតអាស៊ាននាពេលខាងមុខផងដែរ ដូច្នេះលោក បានដាក់ផែនការ ដល់កម្លាំងប្រជាការពារខណ្ឌ ក្នុងការអនុវត្តការងាររៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ ជាផែនការចម្បងបំផុត ដើម្បីបម្រើ ផលប្រយោជន៍ និងសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រេចបាន នូវបេក្ខភាពជ័យលាភីនាពេលខាងមុខជាមួយបណ្តាខណ្ឌនានា៕ ស តារា


ចែករំលែក៖