ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ព្រោងព្រាត ខណៈដែលមានក្រុមជនសង្ស័យ២នាក់ បានធ្វើសកម្មភាពវាយម្ចាស់ផ្ទះ និងចាប់ប្រពន្ធចងនឹងជញ្ជាំងផ្ទះរួចប្លន់យកសម្ភារ និងទ្រព្យសម្បត្តិបានមួយចំនួនធំរួចគេចខ្លួនសមត្ថកិច្ចកំពុងតាមប្រមាញ់។
ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះលក់ចាបហួយ ភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចម្នាក់មិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា គ្រួសារដែលរងគ្រោះមានឈ្មោះ ហែម សាមាន ភេទប្រុស អាយុ៥៣ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ែន វី អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា យោងតាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា ចំពោះសម្ភារ និងទ្រព្យសម្បត្តិដែលបាត់បង់រួមមានលុយប្រាក់ខ្មែរ៧មឺុនរៀល ដុល្លារ៤១០ និងមាសមានទម្ងន់១ដំឡឹង៧ជីកន្លះ ផងដែរ។
ចំពោះជនសង្ស័យ២នាក់ មិនត្រូវទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយកើតហេតុ បានរត់គេចខ្លួន ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងសាកសួរម្ចាស់ផ្ទះ និងស៊ើបអង្កេតបន្តទៀតថា រឿងអ្វីឲ្យពិតប្រាកដ ដើម្បីឈានទៅរកការឃាត់ខ្លួនចាត់ការបន្តតាមច្បាប់។
បើតាមប្រពន្ធជនរងគ្រោះឈ្មោះ ប៉ែន វី បានប្រាប់សមត្ថកិច្ចបន្តថា មុនកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់បានចូលមកផ្ទះរួចបានធ្វើសកម្មភាពវាយប្ដីគាត់ត្រូវចំមុខចំនួន២ដៃ ព្រមទាំងចាប់គាត់ជាប្រពន្ធចង់ជាប់នឹងជញ្ជាំងផ្ទះ ហើយបានប្រមូលយកសំភារ និងទ្រព្យសម្បត្តិបានមួយចំនួនរត់គេចខ្លួនតែម្ដង៕ យឹម សុថាន